ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារបស់វត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈអភិបាល ក្រុមប្រឹក្សាខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
សម្តេចប្រធានព្រឹទ្ធសភាមានប្រសាសន៍សំណេះសំណាលចំពោះអង្គពិធីយ៉ាងស្និទ្ធស្នាល ប្រកបដោយអត្ថន័យខ្លឹមសារថា ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានារបស់វត្តលុម្ពិនីសាលវ័ននារាម នាពេលនេះបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ឱឡារិក និងអធិគអធម្មយ៉ាងក្រៃលែង ស្របពេលដែលប្រជាជនកម្ពុជាយើងនៅទូទាំងប្រទេសទើបនឹងបានប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយបរិយាកាសសប្បាយរីករាយក្រោមម្លប់សន្តិភាព និងស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់…។
ចាប់ពីនេះតទៅវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោមរបស់យើងមានព្រះវិហារថ្មីសម្រាប់ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមពុទ្ធបញ្ញត្តិ និងពុទ្ធានុញ្ញាត ហើយសូមឧទ្ទិសប្រគេននិងប្រគល់ជូននូវរាល់សមិទ្ធផលថ្មីៗទាំងអស់នេះទុកជាសម្បត្តិគរុភណ្ឌ និងសូមព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរគ្រប់ថ្នាក់ក្នុងឃុំអូរសោម ចូលរួមថែរក្សា និងប្រើប្រាស់សម្រាប់ជាគុណប្រយោជន៍បម្រើវិស័យព្រះពុទ្ធសាសនា ជាយូរអង្វែងតរៀងទៅ ៕