សម្ដេចពិជ័យសេនាអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតនិងអនុព័ន្ធយោធាអមស្ថានទូតទួគីប្រចាំកម្ពុជាចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ÷សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកស្រី អ៊ុលឃឺឃូ ចូអ៊ែវហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋទួគី និងលោកវរសេនីយ៍ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ (Ismet Konaro Glu) អនុព័ន្ធយោធាអមស្ថានទូត

ទួគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម បង្ហាញមុខ និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីលោកស្រី-លោកត្រូវបានរដ្ឋាភិបាល និងកងទ័ពប្រទេសទូកគី តែងតាំងជាឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំកម្ពុជា ។ 

សម្ដេចពិជ័យសេនាបានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះលោកស្រីវឯកអគ្គរដ្ឋទូត និងលោកវរសេនីយ៍ឯក អនុព័ន្ធយោធាទួគី ដែលបានមកចូលជួបសម្ដែងការគួរសម បង្ហាញមុខ និងពិភាក្សាការងារនាឱកាសនេះ ។ សម្ដេចពិជ័យសេនាក្នុងនាមរាជរដ្ឋាភិ បាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្នុងនាមសម្តេចផ្ទាល់ បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជិតស្និទ្ធជាមួយទួកគី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ជាផ្លែផ្ការវាងកងទ័ពប្រទេសទាំងពីរនេះទៅមុខទៀត ។

សម្ដេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងតែពីឆ្នាំ១៩៧០មក។ ទើបតែមកដល់ចុងឆ្នាំ១៩៩៨នោះ ទេ ដែលកម្ពុជាទទួលបានសុខសន្តិភាព ពេញបរិបូណ៌ ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមកដល់ ពេលនេះកម្ពុជា ជាប្រទេសដែលមានអធិបតេយ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ទទួលស្គាល់ ។ សម្ដេចពិជ័យសេនាបានបន្តទៀតថា ក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាបានធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយផ្ទាល់ ទទួលបានជោគជ័យយ៉ាងក្រចះត្រចង់ ហើយក្នុងពេលដ៏ខ្លី នៃឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្កេមលើកទី១២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧ សម្រាប់ប្រទេសខ្លួនផងដែរ ។ 

សម្ដេចមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:នៃការមកបំពេញបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ អនុព័ន្ធយោធាទួគី នៅកម្ពុជានាអាណត្តិនេះ លោកអនុព័ន្ធយោធា និងប្រឹងប្រែងធ្វើឲ្យកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ទួគី កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។ ជាកិច្ចឆ្លើយតបលោកវរសេនីយ៍ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ អនុព័ន្ធយោធាថ្មីប្រទេសទួគីប្រចាំនៅកម្ពុជា បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលការស្វាគមន៍ ដល់រូបលោក និងសហការី ដោយលោកបានបញ្ជាក់ពីការយល់ច្បាស់នូវសភាពការណ៍នៅកម្ពុជា ។

លោកវរសេនីយ៍ឯក អនុព័ន្ធយោធាទួគីបន្តថា ថ្វីត្បិតរូប លោកពុំមាននិវេសនដ្ឋាននៅកម្ពុជា តែរូបលោកបានយល់ដឹងពីការវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាជាពិសេសវិស័យការពារជាតិរបស់កម្ពុជា ដែលមិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យ បូរណភាព ទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ទៅបំពេញ ភារកិច្ចមនុស្សធម៌ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ក្នុងតំបន់ និងពិភពលោកផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print