ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ១៨ករណី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១នឹង៣០នាទី នៅចំណុចកន្លែងលេងហ្គេមបាញ់ត្រីផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា ជនសង្ស័យទី១-ឈ្មោះយ៉ាន់ សាន់ដេ ហៅឧត្តម សាន់ដេ ហៅកែវ សាន់ដេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទី២-ឈ្មោះបាំង លេងហ៊ួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ៕ដោយ៖សហការី