ភ្នំពេញ : នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ នេះបើយោងតាមផេក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសប្រកបដោយភាពអធិកអធម និងរីករាយនោះ លោក បណ្ឌិត បានសម្តែងនូវការអបអរសាទរ និងការកោតសសើរចំពោះដំណើរបោះជំហានរីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល ៣០ ឆ្នាំ កន្លងមកនេះ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយនឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោក បណ្ឌិត ក៏បានជំរុញទឹកចិត្តបន្ថែមថា៖ “យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជាទាមទារចាំបាច់នូវការរួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាសសម្រាប់ប្រទេសកម្ពុជាដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈានទៅសម្រេចចក្ខុវិស័យនេះ ដោយចាប់ផ្តើមពីការរីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ ៣០ ឆ្នាំខាងមុខ”។
ជាចុងក្រោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម និងភាពជឿជាក់ថា៖ «អាស្រ័យដោយមានការបន្តចូលរួមគាំទ្រ និងសហការពីសំណាក់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស គឺនឹងជួយឱ្យយើងអាចសម្រេចទិសដៅក្នុងការនាំភាពចម្រុងចម្រើនសម្បូរសប្បាយ ជូនជាតិ និងប្រជាជនកម្ពុជា។ ពិតណាស់ ជាមួយនឹងនវានុវត្តន៍, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងទេពកោសល្យរបស់ប្រជាជនកម្ពុជា យើងប្រាកដជាអាចចូលរួមកសាងកម្ពុជាមួយ ដែលមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ចម្រុះ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសស្របនឹងឱកាសប្រកបដោយសក្តានុពលនៅក្នុងសតវត្សរ៍ទី២១ នេះ ៕
ដោយ : សហការី