កីឡាករកីឡាការិនីនិងប្រតិភូកីឡាសូហ្វតឺន្នីសកម្ពុជា២៤នាក់ចេញទៅប្រទេសថៃថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦ ប្រធានប្រតិភូនិងកីឡាករកីឡាការិនី កីឡាសូហ្វតឺន្នីសកម្ពុជា

...
បានចេញដំណើរទៅចូលរួមការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ The second world tour Softtenis championship នៅទីក្រុងបាំងកក់ ប្រទេសថៃ ប៉ុន្តែមិនច្បាស់ថា មានប្រទេសចំនួនបុន្មានចូលរួមប្រកួតឡើយ។ នេះបើតាមអះអាងពីលោក ជា ប៊ុនហេង ប្រធានប្រតិភូបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ។

លោក ជា ប៊ុនហេង បានឲ្យដឹងថា កីឡាករកីឡាការិនីនិងគ្រូបង្វឹករួមនឹងប្រតិភូកីឡាសូហ្វតឺន្នីសប្រមាណ២៤នាក់ត្រូវចេញទៅប្រកួតនៅប្រទេសថៃនាថៃ្ងទី២២ខែមិថុនា ឆ្នាំ២០១៦ប៉ុន្តែមិនច្បាស់ថា មានអត្តពលិកប៉ុន្មាននាក់ចូលរួមនោះទេ ដោយ គ្រាន់តែបង្ហើបថា យ៉ាងតិចណាស់ក៏មាន កីឡាករកីឡាការិនី៥ប្រទេសចូលរួមដែរ។

លោកបន្តទៀតថា ការប្រកួតនេះសហព័ន្ធបានទទួលគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំយុវជននិងកីឡាក្នុងការបញ្ជូនក្រុមកីឡាករជម្រើសជាតិ៨នាក់ប៉ុណ្ណោះ រីឯកីឡាករកីឡាការិនី១០នាក់ផ្សេងទៀត ទទួលបានការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោកបានបញ្ជាក់ទៀតថា សហព័ន្ធ កីឡាសូហ្វតឺន្នីសកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីទៅប្រកួតញឹកញាប់នៅលើ ឆាកអន្តរជាតិនោះ ដោយសហព័ន្ធចង់ដុសខាត់កម្រិតបច្ចេកទេសពួកគេដែលខំប្រឹងហ្វឹកហាត់ឲ្យមានកម្រិតឈានឡើង ។ ម្យ៉ាង វិញទៀតក៏ជាការប្រកួតមួយដើម្បីសន្សំពិន្ទុចូលរួមក្នុងព្រឹតិ្តការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុនផងដែរ ។

លោកបញ្ជាក់បន្ថែមថា បេសកកម្ម លើកនេះ លោកមានជំនឿចិត្តខ្ពស់ថា ក្រុមកីឡាសូហ្វតឺន្នីសកម្ពុជាយើងនឹងដណ្តើមបានមេដាយមកវិញជាក់ជាពុំខានពីព្រោះព្រឹត្តិការណ៍បែបនេះកាលពីឆ្នាំ២០១៥សូហ្វតឺន្នីសកម្ពុជាធ្លាប់ដណ្តើមបានមេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធិ៧គ្រឿងដែរ។ ការប្រកួតដណ្តើមពានរង្វាន់ព្រឹត្តិការណ៍ The second world tour Softtenis championship ២០១៦នេះនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី២៤ដល់២៧ ខែមិថុនា ឆ្នាំ២០១៦ ដោយ កម្ពុជា ដាក់កីឡាករកីឡាការិនីប្រកួត ១៨នាក់លើវិញ្ញាសាប្រកួតជាក្រុម និង វិញ្ញាសាឯកត្តជន។

លោក ជា ប៊ុនហេង អះអាងថា មានកញ្ចប់ថវិកាប្រមាណជាង៧ពាន់ដុល្លារសម្រាប់ផ្គត់ផ្គង់រាល់ការ ចំណាយថ្លៃហូបចុករបស់ក្រុមប្រតិភូកីឡាសូហ្វតឺនី្នសកម្ពុជាអំឡុងពេលស្នាក់នៅ ក្នុងប្រទេសថៃ ។

គួររំលឹកថា ការរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កីឡាសូហ្វតឺន្នីសកម្ពុជារហូតទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំក្រសួង អប់រំយុវជននិងកីឡាអនុញ្ញាតឲ្យសហព័ន្ធនេះរៀបចំការប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៦កាលពីពេលថ្មីៗនេះ។ ជាងនេះទៅទៀតកីឡាសូហ្វតឺន្នីសកម្ពុជាក៏ធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍ Softenisជើងឯកអាស៊ីនៅប្រទេសម៉ាឡេស៊ីផងដែរក្នុងនោះក្រុមជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយរហូតដល់ទៅ១៨គ្រឿងមានមេដាយប្រាក់៨គ្រឿងនិងមេដាយសំរឹទ្ធិ១០គ្រឿង ៕

៤

៥

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print