ភ្នំពេញ ៖ នារាត្រីថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ គឺ U22 កម្ពុជា ជួបបើកឆាកពូល A ជាមួយ U22 ទីម័រ អាចធ្វើអោយអ្នកគាំទ្រ រាប់មុឺន រាប់សែនលាននាក់ តាមដាន ទាំងក្នុងពហុកីឡដ្ឋាន ស្លាយតាមទីសាធារណៈ ទូទាំងរាជធានីខេត្ត និងតាមគេហដ្ឋាន។
សូមបញ្ជាក់ថា, ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (Under 22) បានស៊ុតបញ្ចូលទីក្រុម U22 ទីម័រខាងកើត រហូតដល់ទៅ ១០គ្រាប់ពីប្រវត្តិជួបគ្នា ៣លើកនាពេលកន្លងមក មុនប៉ះគ្នាជាថ្មីក្នុងប្រកួតសន្សំពិន្ទុប្រចាំពូល A នៅ SEA Games 2023 នៅយប់នេះ។
ដោយផ្អែកទៅលើគេហទំព័រកីឡា AI Score បានឲ្យដឹងថា U22 កម្ពុជាបានជួប U22 ទីម័រខាងកើត (Timor Leste) ដំបូងបំផុតក្នុងឆ្នាំ២០១៧ ជាមួយនឹងលទ្ធផលចាញ់ត្រឹមតែ ១ទល់នឹង០ ប៉ុណ្ណោះមុនពេលឈ្នះ ២ប្រកួតវិញក្នុងលទ្ធផល ៥-០ ដូចគ្នានៅ ២ឆ្នាំបន្ទាប់ ដោយពុំបានបញ្ជាក់ពីព្រឹត្តិការណ៍នោះទេ។
តួយ៉ាងក្រុមទាំងពីរត្រូវប្រឈមដាក់គ្នាជាថ្មីទៀតនាម៉ោង ៧យប់នេះថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង ក្នុងពហុកីឡដ្ឋានអូឡាំពិក (National Stadium) ក្រោយពេលគូ U22 ឥណ្ឌនេស៊ី ប៉ះ U22 ហ្វីលីពីនប្រកួតគ្នានៅទីតាំងដដែលនាម៉ោង ៤រសៀលដែលជាប្រភេទកីឡាទី៣ ចាប់ផ្តើមប្រកួតមុនគេនៅ SEA Games លើកទី៣២ នេះ បន្ទាប់កីឡាគ្រីឃីត និងអុកចត្រង្គចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃសៅរ៍។
U22 របស់ម្ចាស់ផ្ទះកម្ពុជា ត្រូវប្រជែងទីម័រខាងកើត ឥណ្ឌូនេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ក្នុងការប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាល ដែលជ្រើសរើសតែក្រុមលេខ១ និងលេខ២ តែប៉ុណ្ណោះ ក្នុងការឆ្ពោះទៅប្រជែងមេដាយនៅក្នុងវគ្គបន្តបន្ទាប់។
ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនៅថ្ងៃនេះថា, #MatchDay 🔵🔴
ថ្ងៃនេះគឺជាថ្ងៃប្រកួតរបស់យើងទល់នឹង 🆚 ទីម័រខាងកើត!
តោះ! ទៅគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង ក្នុងការប្រកួតយប់នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅតាមកន្លែងផ្សាយបន្តផ្ទាល់តាមទីសាធារណៈគ្រប់ខេត្តក្រុង ឬនៅតាមគេហដ្ឋានរបស់បងប្អុន!
កម្ពុជា 🇰🇭 v 🇹🇱 ទីម័រខាងកេីត
២៩/០៤/២០២៣ | ៧:០០យប់
ពហុកីឡដ្ឋានជាតិ អូឡាំពិក
“ទាំងអស់គ្នា ដើម្បីកម្ពុជា”
#FootballFederationofCambodia #FFC
#TogetherforCambodia #camfootball1933
#SeaGames2023៕
ដោយ : សហការី