អ្នកចាត់ការទូទៅលោក Carlo Ancelotti បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើ Luka Modric របស់ក្លិប Real Madrid បានរងរបួសភ្លៅ ហើយខ្សែបម្រើជើងចាស់រូបនេះអាចមានការសង្ស័យសម្រាប់ការបង្ហាញខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey របស់ពួកគេជាមួយនឹងក្រុម Osasuna នៅថ្ងៃទី៧ ខែឧសភា។
Modric វ័យ៣៧ឆ្នាំបានលេងតិចជាងមួយម៉ោងពេល Real Madrid ប្រកួតចាញ់ Girona ៤–២ កាលពីចុងសប្តាហ៍មុនពេលគាត់ត្រូវបានប្តូរ។ ក្រុម Real Madrid នឹង សម្លឹង រក ការ ឈ្នះ ពាន Copa del Rey ជា លើក ទី២០ បើសិនជាគ្រងជើងឯកនៅរដូវកាលនេះ។
លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត La Liga នៅថ្ងៃសៅរ៍នេះទល់នឹងក្រុម Almeria ថា “គាត់មានរបួសក្នុងការប្រកួតជាមួយ Girona ហើយត្រូវអវត្តមាន។ វាកំពុងរង់ចាំការវិវត្តន៍ ហើយយើងមិនដឹងថា តើគាត់នឹងសាកសមសម្រាប់ការប្រកួត Copa ដែរឬទេ? យើងបារម្ភ ហើយយើងសង្ឃឹមថា គាត់អាចជាសះស្បើយឆាប់ៗដើម្បីលេងក្នុងការប្រកួតសំខាន់ៗ”។
Real Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមមេឃខៀវ Manchester City ក្នុងជើងទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រChampions League របស់ពួកគេនៅថ្ងៃទី៩ ខែឧសភាខាងមុខ។
បច្ចុប្បន្ន Real Madrid ឈរ នៅ លេខ រៀង ទី ២ ក្នុង ក្របខ័ណ្ឌ La Liga ដោយ តាម ពី ក្រោយ ក្រុម កំពូល តារាងBarcelona រហូត១១ ពិន្ទុ និង នាំមុខ ក្រុមលេខ៣ Atletico Madrid ២ ពិន្ទុ។ ក្រុម របស់ លោក Ancelotti ក៏ ត្រូវ ជួប ក្រុមលេខ ៤ Real Sociedad ក្នុង លីកកំពូលអេស្ប៉ាញ នៅ ថ្ងៃ អង្គារ ផងដែរ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey រវាងក្រុម Real Madrid នឹងក្រុម Osasuna នៅរំលងអធ្រាត្រថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែឧសភាខាងមុខ។ បច្ចុប្បន្នក្រុម Real Madrid មាន៦៥ពិន្ទុ ឈរលេខ២ ខណៈដែលក្រុម Osasuna ឈរលេខ១៥ មាន៣៣ពិន្ទុ ៕ (រូបភាព ៖ Reuters/CNA)