ខេត្តពោធិ៍សាត់៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ទើបចេញពីពន្ធនាគារបាន០៣ឆ្នាំ។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យរដ្ឋបាល (ចំពោះអ្នកស្នាក់នៅ) នៅចំណុចបន្ទប់ជួល ខាងជើងសាលាបឋមសិក្សាព្រៃញីស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃសុក្រ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣៥នាទី។
លោកអធិការ កែវ សារិ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ អ៊ុត ស្រេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ ត្រូវជាប្ដី (ជាមុខសញ្ញាចេញពីពន្ធនាគារបានរយះពេល០៣ឆ្នាំ ក្នុងករណីមនុស្សឃាត និងជួញដូរគ្រឿងញៀន) ប្រពន្ធឈ្មោះ វន ច្រិប ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធ (ស្នាក់នៅបន្ទប់ជួលខាងលើ) បានរត់គេចខ្លួន។នឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ (ទម្ងន់០,៥០ក្រាម គិតសាច់ថ្នាំសុទ្ធ) ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរចំនួន០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីចាត់ការតាមនីតិវិធី៕ដោ៖សហការី