ភ្នំពេញ : អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មាន គណនីមួយឈ្មោះ Chhouk – Restaurant បានសរសេរបង្ហោះនៅលើគណនីរបស់ខ្លួនថា “ អយុត្តិធម៌ ណាស់សម្រាប់ប្អូនប្រុសនាងខ្ញុំ និងគ្រួសារ ប្អូនប្រុសខ្ញុំជាមនុស្សស្អាតស្អំ ប៉ុន្តែត្រូវបានជាប់ឃុំនៅ ពន្ធនាគារខេត្តបាត់ដំបង ។ សូមគោរពសំនូមពរដល់សម្តេចពុក មេត្តាជួយរកយុត្តិធម៌ដល់កូនចៅផង និង មេត្តាដោះលែងឱ្យមានសេរីភាពឡើងវិញ។ ដើមហេតុ ៖ ប្អូន ត្រូវជាប់ចំណងដោយសារតែជនអនាមិក បាន ប្រើប្រាស់រូបភាពរបស់ប្អូនទៅបង្កើតអាខោន Facebook ថ្មី ក្លែងក្លាយ ឈ្មោះថ្មី ដើម្បីឆបោកនារីខ្មែរអានិកជន រស់នៅអាមេរិក ទឹកប្រាក់ចំនួនជាង $ ១៦០,០០០ (ជាងដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងកំឡុងពេល ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល១ខែជាង……… ។
អ្នកនាំពាក្យសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមធ្វើការបញ្ជាក់ជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖
បុគ្គលដែលបានប្រើប្រាស់គណនីឈ្មោះ Chhouk Restaurant បង្ហោះសារនោះ គឺជាបងស្រីបង្កើត របស់ឈ្មោះ ទោម សិទ្ធី (ជនជាប់ចោទ)រស់នៅក្នុងខេត្តបាត់ដំបង មានមុខរបរបើកភោជនីយដ្ឋាន “ឈូក” លក់ម្ហូបអាហារ ។
រីឯជនរងគ្រោះឈ្មោះ ផាន បូផា រស់នៅសហរដ្ឋអាមេរិក បានមានទំនាក់ទំនងជាមួយឈ្មោះ ទោម សិទ្ធី តាមរយៈគណនី FaceBook ឈ្មោះ ទ្រី សុវណ្ណារាជ ។ ក្រោយពីមានទំនាក់ទំនងគ្នាបានមួយរយៈ អ្នក ទាំងពីរ បានចាប់ផ្ដើមស្រឡាញ់គ្នា ហើយបានខលវីដេអូជាមួយគ្នាស្ទើររៀងរាល់ថ្ងៃ ជួនកាលខលនៅពេល ដែល ទោម សិទ្ធី នៅក្នុងហាងលក់ម្ហូបអាហារ ជួនកាលខលនៅក្នុងបន្ទប់គេងរបស់ឈ្មោះ ទោម សិទ្ធី និងនៅ ទីសាធារណៈផ្សេងៗ ក្នុងពេលខលវីដេអូម្តងៗ ឈ្មោះ ទោម សិទ្ធី តែងតែណែនាំឱ្យស្គាល់បងប្អូន សាច់ញាតិ របស់គាត់ឱ្យទៅឈ្មោះ ផាន បូផា បានស្គាល់ ដោយពេលខ្លះឈ្មោះ ទោម សិទ្ធី បានហៅក្មួយ ឬសាច់ញាតិ មក ចំពីមុខកាមេរ៉ាបង្ហាញជនរងគ្រោះទៀតផង។ ត្រង់ចំណុចនេះអាចបញ្ជាក់បានថា ឈ្មោះ ទោ សិទ្ធី និង ឈ្មោះ ផាន បូជា ពិតជាបានស្គាល់គ្នាច្បាស់ពិតប្រាកដមែន ។
នៅក្នុងការសន្ទនារវាងឈ្មោះ ទោម សិទ្ធី និងឈ្មោះ ផាន បូផា តាមរយៈវីដេអូខល ពេលខ្លះឈ្មោះ ទោម សិទ្ធី បានដោះអាវ ដែលធ្វើឱ្យឈ្មោះ ផាន បូជា មើលឃើញស្នាមសាក់រូបផ្កាឈូកនៅលើស្មាខាងស្តាំ របស់ឈ្មោះ ទោម សិទ្ធី ដែលជាចំណុចសម្គាល់យ៉ាងច្បាស់ ។ ពេលខ្លះឈ្មោះ ទោម សិទ្ធី ខ្លួនឯងបានថតអេក្រង់ទូរស័ព្ទ (Screenshot) របស់ខ្លួនដែលកំពុងសន្ទនា ហើយផ្ញើរូបនេះទៅឱ្យឈ្មោះ ជា បូជា តាម Messerger ផងដែរ ។
ក្រោយពីស្រឡាញ់គ្នាមួយរយៈ ឈ្មោះ ទោម សិទ្ធី បានខលនិយាយប្រាប់ទៅឈ្មោះ ផាន បូជា នូវ ព្រឹត្តិការណ៍ដែលខ្លួនប្រឌិតមួយចំនួនដូចជា៖ ខ្លួនគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ត្រូវការលុយ ដើម្បីសងទៅជនរងគ្រោះ ឬថាឪពុករបស់ខ្លួនឈឺ ត្រូវការវះកាត់ជាបន្ទាន់ និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែល តម្រូវឱ្យឈ្មោះ ផាន បូជា ជួយផ្ដល់លុយតាមសំណូមពររបស់ខ្លួន ។
គ្រប់ពេលដែលឈ្មោះ ទោម សិទ្ធី សុំលុយពីឈ្មោះ ផាន បូជា តាមរយៈការប្រឌិតនូវហេតុការណ៏ភូត កុហកនោះ ឈ្មោះ ទោម សិទ្ធី បានឱ្យមនុស្សផ្សេងដើរតួជានគរបាល ឬគ្រូពេទ្យ ដោយយកទូរស័ព្ទរបស់ខ្លួន និយាយជាមួយឈ្មោះ ផាន បូជា ដើម្បីឱ្យឈ្មោះ ផាន បូផា ជឿជាក់ថាមានព្រឹត្តិការណ៍នោះពិតប្រាកដមែន ។
ដោយជឿលើហេតុការណ៍ទាំងនោះ ឈ្មោះ ផាន បូជា បានធ្វើការវេរប្រាក់តាមរយៈ Western union និងតាមវឹង ជាច្រើនលើក សរុបអស់ទឹកប្រាក់ចំនួន ១៦១,៧១៧ $ (មួយសែនប្រាំមួយម៉ឺនមួយពាន់ប្រាំពីរ រយដប់ប្រាំពីរ) ដុល្លារអាមេរិក តាមការចង្អុលបង្ហាញ និងការរៀបចំរបស់ឈ្មោះ ទោម សិទ្ធី និងបក្សពួក។
ក្រោយពីទទួលបានប្រាក់ហើយឈ្មោះ ទោម សិទ្ធី បានបិទគណនីរបស់ខ្លួនឈ្មោះ ទី សុវណ្ណារាជ ដែលធ្លាប់ទំនាក់ទំនងជាមួយ ឈ្មោះ ជាន បូជា ចោល ទើបធ្វើឱ្យឈ្មោះ ផាន បូជា មានការសង្ស័យ ក៏បាន ធ្វើដំណើរពីសហរដ្ឋអាមេរិក មកខេត្តបាត់ដំបង ដើម្បីប្តឹងសមត្ថកិច្ច និងធ្វើការស្រាវជ្រាវលើករណីនេះ ។
នៅចំពោះមុខសមត្ថកិច្ចនៅគ្រប់ដំណាក់កាលឈ្មោះ ទោម សិទ្ធី បានបដិសេធថា ខ្លួនមិនបានស្គាល់ ជនរងគ្រោះទេ ក៏ប៉ុន្តែផ្អែកទៅលើការពិនិត្យភស្តុតាង និងស្លាកស្នាមនៅលើស្មាខាងស្តាំរបស់ឈ្មោះ ទោម សិទ្ធី ពិតជាមានស្នាមសាក់រូបផ្កាឈូក ដូចការអះអាងរបស់ជនរងគ្រោះពិតប្រាកដមែន ។ ម្យ៉ាងទៀត ជនរងគ្រោះ បានចង្អុលចំឈ្មោះ ទោម សិទ្ធី ថាពិតជាជននេះហើយដែលបានខលវីដេអូជាមួយខ្លួននាពេលកន្លងមក ។ ហេតុដូច្នេះទើបសាលាដំបូងបានដំណើរការរឿងក្ដីនេះតាមនីតិវិធីរហូតដល់ចប់ និងបានចេញសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យសងសំណងរដ្ឋប្បវេណីទៅដើមបណ្តឹងរដ្ឋប្បវេណី ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សុខ ខេមរា