ខេត្តកណ្តាល : មន្ដ្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ម្នាក់ ត្រូវបានចៅហ្វាយខេត្ត លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល ។ នេះបើយោងតាម ដីកា ស្តីពីការលុបឈ្មោះមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តកណ្តាល ដែលអង្គ្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, លោក ផុន សុភា ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល និងបច្ចុប្បន្នបម្រើការងារនៅការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកណ្ដាល ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌហើយ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣តទៅ ដោយដីកាលេខ ០១៨ ដក.តត ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។
ការសម្រេចលុបឈ្មោះលោក ផុន សុភា ចេញពីក្របខ័ណ្ឌមន្ដ្រីរាជការនេះ គឺយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាវិន័យរបស់រដ្ឋបាលខេត្ត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ និងកិច្ចប្រជុំគណៈអភិបាលខេត្ត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តកណ្ដាល អះអាងថា លោក ផុន សុភា បានប្រព្រឹត្តផ្ទុយពីមាត្រា៣៧ នៃច្បាប់សហលក្ខន្តិកៈមន្ដ្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
ដីការដ្ឋបាលខេត្តកណ្តាលសម្រេច :
ប្រការ ១..ត្រូវបានលុបឈ្មោះលោក ផុន សុភា អត្តលេខ ១៨៨០៨០០២៤៤ ឋានន្តរសក្តិ វរមន្ត្រី ថ្នាក់លេខ ១ (ក.២.១) នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្តាល បច្ចុប្បន្នជាមន្ត្រីបម្រើការងារនៅការិយាល័យ កសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកណ្តាល ចេញពីក្របខ័ណ្ឌមន្ត្រីរដ្ឋបាល ថ្នាក់ក្រោមជាតិ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តទៅ ដោយមូលហេតុសាមីខ្លួនបាន ប្រព្រឹត្តផ្ទុយពីមាត្រាទី៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រការ ២ ..បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ ៣ ..នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងសាមីខ្លួនដូច មានឈ្មោះក្នុង ប្រការ ១ ខាងលើ ត្រូវអនុវត្តដីកានេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា