នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក លោក នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

 នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន មានប្រសាសន៍លើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។ ទន្ទឹមនោះ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវប្រឹងប្រែងស្វែងយល់ពីដៃគូប្រកួត និងការរៀបចំគម្រោងប្រយុទ្ធជាក់ស្តែងលើទីលាន។ លោក បន្តថា កីឡាបាល់ទះ គឺលេងលក្ខណៈជាក្រុម ដូច្នេះហើយទាមទារមានការឯកភាព សាមគ្គីគ្នា ជួយគ្នា និងយោគយល់គ្នា ហើយជៀសវាងដាច់ខាតបាក់ស្មារតី ហើយដើម្បីឲ្យក្រុមខ្លាំង និងជោគជ័យយើងត្រូវមានវិន័យ ស្តាប់ការដឹកនាំរបស់គ្រូ និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។ 

 នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានជម្រុញឲ្យ ក្រុមកីឡាករ-កីឡាការិនី ទាំងអស់ប្តេជ្ញាចិត្តប្រយុទ្ធឲ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការប្តេជ្ញាចិត្តឲ្យអស់ចេញពីបេះដូង ហើយត្រូវចងចាំថា «ជំហាននេះ គឺជាឱកាសមាសរបស់យើង ហើយអាស៊ានទាំងមូលគេមើលយើង ប្រជាពលរដ្ឋ ១៧លាននាក់ គេកំពុងមើលយើង ដូច្នេះយើងតំណាងឲ្យជាតិ ត្រូវពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ពលិកម្មគ្រប់បែបយ៉ាងដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង នេះជារឿងមួយធំណាស់ បើយើងបានជោគជ័យ នោះកេរ្តិ៍របស់យើងល្បីល្បាញធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ ជាពិសេសមោទនភាពរបស់ជាតិយើង»។ លោក បន្តថា ៦៤ឆ្នាំហើយ ដែលយើងមិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះជាមោទនភាពណាស់របស់ជាតិ របស់រាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ហើយដើម្បីធ្វើឲ្យល្អយើងត្រូវស្អាតបាត ញញឹមញញែម រួសរាយរាក់ទាក់ ស្វាហាប់ ក៏ប៉ុន្តែទន់ភ្លន់ ជៀសវាងការធ្វើអាកប្បកិរិយាណាមួយមិនសមរម្យទៅលើគូប្រកួត។

 នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន គូបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាព និងក៏ជាកិត្យានុភាពរបស់កម្ពុជាយើង ដែលរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនយកមក្រៃលើការលក់សំបុត្រ ការផ្សាយ និងការហូបចុកស្នាក់នៅរបស់ ប្រតិភូ និងក្រុមកីឡាករ ដែលនេះជាលើកទី១ ហើយក៏ជាគំរូផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ ក្រុមកីឡាករ-កីឡាការិនី ទាំងអស់ត្រូវចេះថែរក្សាសុខភាព ទទួលទានឲ្យបានគ្រប់គ្រាន់ និងសម្រាក់ឲ្យបានច្រើន ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ដោយការប្រុងប្រយ័ត្នជៀសវាងនាំឲ្យមានរបួស។

 នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាដល់គណៈប្រតិភូកីឡារបស់កម្ពុជា ក្នុងម្នាក់ចំនួន ៥០០ដុល្លារ  ហើយនៅថ្ងៃនេះ លោក ក៏បានឧបត្ថម្ភដល់ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០០ដុល្លារ បន្ថែមទៀតដើម្បីជាការលើកទឹកចិត្តផងដែរ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print