ទិន្នន័យឧស្សាហកម្មដែលបានវិភាគដោយសារព័ត៍មាន Reuters បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសារតែប្រជាជនភាគច្រើនបានផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តដែលប្រើប្រេងសាំងមកប្រើរថយន្តអគ្គិសនី (EVs) វិញ។
ទិន្នន័យខាងលើនេះបានបង្ហាញថាការលក់សរុបនៃម៉ាករថយន្តជប៉ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះ 32 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី 1 ពោលគឺច្រើនជាងទ្វេដងនៃការធ្លាក់ចុះនៃទីផ្សាររួម ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជាVolkswagen AG ក៏ត្រូវបានរងផលប៉ះពាល់នៃការផ្លាស់ប្តូរយ៉ាងលឿននេះដែរ។ ប៉ុន្តែក្រុមហ៊ុនលក់រថយន្តជប៉ុនរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែបត់តាមទីផ្សារអត់ទាន់។
អ្នកវិភាគបាននិយាយថា ការផលិតនិងការទទួលប្រាក់ចំណេញកាន់តែរងសំពាធខ្លាំងសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនដែលនេះគឺសញ្ញាដ៏គួរឱ្យព្រួយបារម្ភនៃការប្រកួតប្រជែងដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនអាចប្រឈមមុខកាន់តែខ្លាំងឡើងចំពោះទីផ្សារក្រៅស្រុករបស់ពួកគេ។
ក្រុមហ៊ុន Mitsubishi Motors Corp បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានផ្អាកការផលិតរថយន្ត Outlander SUV របស់ខ្លួននៅក្នុងប្រទេសចិនរយៈពេល 3 ខែ ដោយសារការលក់ធ្លាក់ចុះហើយក្រុមហ៊ុន Mitsubishi ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួនផ្សេងទៀត មិនបានបំបែកតួលេខនៃការលក់នៅក្នុងប្រទេសចិននោះទេ។ ទិន្នន័យឧស្សាហកម្មដែលត្រូវបានវិភាគដោយReuters បានបង្ហាញថាការលក់នៅត្រីមាសទីមួយរបស់ខ្លួននៅក្នុងប្រទេសចិនបានធ្លាក់ចុះ 58 ភាគរយធៀបនឹងឆ្នាំមុន។
ចំណែកក្រុមហ៊ុន Nissan’s Sylphy ដែលលក់ដាច់បំផុតរបស់ប្រទេសចិនអស់រយៈពេល 3 ឆ្នាំមកហើយនោះ ត្រូវបានក្រុមហ៊ុនផលិតរថយន្តអគ្គីសនី BYD Song ដណ្តើមយកទីផ្សារផងដែរ។
ក្រុមហ៊ុន Toyota Motor Corpបានអះអាងការជ្រើសរើសយករថយន្តអគ្គីសនីគឺជាជម្រើសរបស់របស់អ្នកជិះប៉ុណ្ណោះ ប៉ុន្តែអ្វីដែលក្រុមហ៊ុនជប៉ុនប្រឈមមុខនោះគឺជាចាញ់សង្រ្គាមប្រកួតប្រជែងតម្លៃទៅវិញទេ។ លោក Bill Russo ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobility ដែលជាទីប្រឹក្សាដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា “ប្រទេសជប៉ុនគឺជាអ្នកចាញ់ដ៏ធំបំផុតនៃសង្រ្គាមតម្លៃរហូតមកដល់ពេលនេះ។ នៅពេលដែលរថយន្តអគ្គីសនីកាន់តែមានតម្លៃទាប វាកាន់តែទាក់ទាញដល់អតិថិជនឬអ្នកប្រើប្រាស់” ។
ប្រភព៖ channelnewsasia.com