បញ្ជូនយុវជន២នាក់ទៅសាលាដំបូង ពីបទគប់កញ្ចក់រថយន្ត ព្រោះតែខឹងបើកភ្លើងហ្វាមើលផ្លូវមិនឃើញ

ចែករំលែក៖

ខេត្តកំពត÷នៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២៣យុវជន២នាក់ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ជូនទៅសាលាដំបូងក្រោមបទសង្ស័យថាគប់កញ្ចក់រថយន្តព្រោះតែខឹងបើកភ្លើងហ្វាមើលផ្លូវមិនឃើញ។

យុវជនសង្ស័យទាំងពីរនាក់ រួមមាន១. ឈ្មោះ រីម រ៉ាម  អាយុ ២០ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពតនិង២. ឈ្មោះ ប៉ាត់ កុយភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ 

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី៣០ ខែ មេសា យុវជនពីរនាក់បានជិះម៉ូតូនៅលើផ្លូវបេតុងមកពីទិញសាច់ក្លែមក្បែររោងចក្រខេស៊ីមែន។ ស្របពេលនោះស្រាប់តែមានរថយន្តបែនមកពីមុខ បើកភ្លើងហ្វាធ្វើឱ្យពួកគេខឹងទើប គ្នាគេម្នាក់យកដបទឹកសុទ្ធគប់ចំកញ្ចក់រថយន្តបណ្ដាលឱ្យបែករួចជិះម៉ូតូគេចខ្លួនតែម្ដង។ 

ប្រភពដដែលបានបន្តថា ជាមួយករណីនោះ ម្ចាស់រថយន្តបានប្ដឹងចូលសមត្ថកិច្ចទើបនៅថ្ងៃទី២ខែឧសភា កម្លាំងអធិការដ្ឋានស្រុកបន្ទាយមាសសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួនជនទាំងពីរនាក់បានជាបន្តបន្ទាប់។ 

ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ព្រោះខឹងរថយន្តនោះបើកភ្លើងហ្វាចំមុខមើលផ្លូវមិនឃើញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print