សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu)
កាលពីថ្ងៃអង្គារសប្តាហ៍នេះដែលបាននិយាយថា ការផលិតសព្វាវុធ និងការផ្គត់ផ្គង់ពួកវាទៅកាន់សមរភូមិជួរមុខនៅអ៊ុយក្រែនមានសារសំខាន់ជាខ្លាំងសម្រាប់ភាពជោគជ័យនៃសង្រ្គាមនៅអ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យបង្កើនទ្វេដងនូវការផលិតមីស៉ីលជាបន្ទាន់។
លោក សយហ្គូ បាននិយាយដូច្នេះថា «សកម្មភាពនៃកងកម្លាំងរុស្ស៉ី ដែលកំពុងធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺពឹងផ្អែកមួយផ្នែកធំទៅលើការបំពេញស្តុកបរិក្ខារយោធានិងសព្វាវុធឱ្យបានទាន់ពេលវេលា។ លោកបានបន្តថា ឧស្សាហកម្មការពារជាតិរបស់រុស្ស៉ី ត្រូវបានបង្គាប់ឱ្យបង្កើនទាំងល្បឿននិងទំហំនៃការផលិតរបស់ពួកគេ។ លោកប្រមុខការពារជាតិរុស្ស៉ី ក៏បានបន្ថែមជាពិសេសថា ការផលិតមីស៉ីលដែលមានសមត្ថភាពបាញ់ចំគោលដៅក្នុងកម្រិតច្បាស់លាស់ខ្ពស់ គឺចាំបាច់ត្រូវបង្កើនទ្វេដង។
ក្រុមមន្រ្តីប្រទេសលោកខាងលិចក៏ធ្លាប់បាននិយាយដែរថា រុស្ស៉ីបានប្រឈមការខ្វះខាតទាំងមីស៉ីល ក៏ដូចជាគ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងធំ ខណៈសង្រ្គាមដែលទីក្រុងមូស្គូបានគ្រោងថា នឹងប្រើពេលត្រឹមតែប៉ុន្មានសប្តាហ៍នោះបានបន្តអូសបន្លាយចូលដល់ខែទី១៥ ហើយមិនទាន់មើលឃើញ ស្រមោលនៃទីបញ្ចប់នៅឡើយទេ។
យ៉ាងណាក្តី ប៉ុន្មានថ្ងៃកន្លងមកនេះ
រុស្ស៉ីបានផ្តាច់ជីវិតនិងបង្កឱ្យរបួសមនុស្សរាប់សិបនាក់នៅអ៊ុយក្រែន ក្នុងការចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំសាជាថ្មីឡើងវិញរបស់ខ្លួន ខណៈខាងអ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បាញ់ស្កាត់បានភាគច្រើននៃមីស៉ីលដែលរុស្ស៉ីបាញ់ទៅរក៕ ដោយធីរីណា
រូបថត : vtc.vn