ខេត្តបន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោកប្រគល់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ចំនួន១ខ្នង និងផ្ទះបាយ១ខ្នង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានប្រគល់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ចំនួន១ខ្នង និងផ្ទះបាយ១ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដាក់ឲ្យប្រើប្រាស់។
លោកឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានណែនាំឲ្យកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង ក្រោយពីទទួលបាននូវអគារថ្មី ត្រូវចេះ ធ្វើអនាម័យសំអាត រៀបចំថែរក្សានៅក្នុងអគារ ក្រៅអគារ និងបរិវេណជុំវិញអង្គភាពឲ្យស្អាតមានសោភ័ណភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឱ្យកងកម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពគោរពឱ្យបានម៉ឺងម៉ាត់នូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគោរពវិធានការសុខភាពឱ្យបានល្អ មានសាមគ្គីភាពផ្ទៃក្នុង គោរពតួនាទីភារកិច្ច តាមឋានុក្រមឲ្យបានត្រឹមត្រូវ និងកោតសរសើរដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ ដែលកន្លងមកខិតខំប្រឹងប្រែងការងារទប់ស្កាត់បទល្មើស និងចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋពេលជួបហានីភ័យម្តងៗដូចខ្យល់កន្ត្រាក់ ភ្លើងឆេះ និងជួយជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។
លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានក្រើនរំលឹកឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ គោរពវិន័យរបស់កងកម្លាំង ជាពិសេសគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ម្យ៉ាងទៀត ក៏ត្រូវប្រុងប្រៀបជាប់និច្ចក្នុងកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខសណ្តាប់ធ្នាប់ នៅតាមខ្សែបណ្តោយព្រំដែនជាមួយប្រទេសជិតខាងឲ្យបានល្អប្រកបដោយសន្តិវិធីផងដែរ៕ ដោយ៖វណ្ណា