ភ្នំពេញ៖ ទន្ទឹមនឹងការគាំទ្រខ្លាំងទៅលើបទ”មហានគរ” របស់តារាចម្រៀងរ៉េប លោក ជី ដេវីត ស្រាប់តែពេលនេះលេចចេញការរិះគន់ទៅកាន់ការរចនាទម្រង់អក្សរមួយចំនួននៅលើបទចម្រៀងនេះ។ បណ្ឌិតផ្នែកអក្សរសាស្រ្តខ្មែរ និងសិលាចារឹកបានចាត់ទុកការរចនាអក្សរខ្មែរបុរាណបញ្ច្រាសរបស់ជី ដេវីត គឺជាការប្រមាថអក្សរសាស្ត្រខ្មែរខណៈអ្នកគាំទ្រលោកជាច្រើនពេញចិត្តស្នាដៃបទចម្រៀងដែលពោរពេញដោយថាមពលនិងបណ្តុះទស្សនៈជាតិនិយមខ្លាំង។
បទចម្រៀងបទ”មហានគរ” ដែលបានបង្ហាញពីមោទកភាព នៃជនជាតិខ្មែរដែលហួរហៀដោយសិល្បៈវប្បធម៌ អរិយធម៌ អមទៅដោយការលាយបញ្ចូលបទភ្លេងនៃតន្ត្រីខ្មែរបានយ៉ាងពិរោះរណ្តំចិត្ត។ ស្របពេលនឹងការផ្ទុះការគាំទ្រខ្លាំងស្រាប់តែមុននេះក៏មានការវែកញែកពេញបណ្តាញសង្គមជុំវិញការរចនាអក្សរនៃចំណងជើងបទចម្រៀង ដែលគេសង្កេតឃើញថាជាការរចនាតាមទម្រង់អក្សរបុរាណ ឬសិលាចារិកប៉ុន្តែគេសង្កេតឃើញអក្សរ២គឺអក្សរ “ម” និងអក្សរ”រ” ។ អក្សរ”ម” ត្រូវបានគេរចនាបញ្ច្រាសចុះក្រោម និងអក្សរ”រ”ត្រូវបានរចនាត្រឡប់ ដែលធ្វើឲ្យមានការលើកឡើងថាតើអក្សរខ្មែរបុរាណឬ សិលាចារិកពិតជាមានរូបសណ្ឋានបែបនេះមែនឬយ៉ាងណា។ ស្រាប់តែមុននេះគេបានឃើញគណនីយហ្វេសប៊ុករបស់លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹកនិងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍បានបង្ហោះសារដែលមានអត្ថន័យពន្យល់ និងបញ្ចេញយោបល់ថា” នៅសម័យអង្គរ ខ្ញុំមិនដែលឃើញដូនតាហៅថា «មហានគរ»ទាល់តែសោះ។ សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី១៥ គេហៅអតីតរាជធានី ស្រីយសោធរបុរ នេះថា «ព្រះនគរ» ។ សិលាចារឹកសតវត្សរ៍ទី១៦ ឆ្នាំ១៥៧៩ ទើបឃើញគេហៅថា «ព្រះមហានគរឥន្ទ្រប្រឞ្ដ/ប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ» ….។ចំណែកអ្នកខំសរសេរឈ្មោះនេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។ ចំណែកអ្នកតុបតែងផ្សាយម៉ូតសម្លៀកអ្នកចម្បាំងបុរាណ និងសរសេរអក្សរដែលចង់ថា មហានគរ នោះទៀត រឹតតែ ប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ពាក្យ«មហានគរ» ជាពាក្យយើងហៅសំដៅ«សម័យអង្គរដ៏រុងរឿង» ដែលបានកន្លងផុតទៅនោះទេ ដូចឈ្មោះ«ដេវីត» មិនអាចមាននៅសម័យអង្គរអញ្ចឹង។ខ្ញុំឥតទើសក្បាលជាមួយអ្នកណាហៅសម័យអង្គរថា «មហានគរ»ទេ។ ខ្ញុំថា «ប្រមាថអក្សរសាស្ត្រខ្មែរ» មកពីសរសេរតុបតែងព្យញ្ជនៈ «ម» និង «រ»ផ្កាប់ចុះក្រោម តែប៉ុណ្ណោះ។ បើគេសរសេរឈ្មោះអស់លោក ដោយផ្កាប់តួខ្លះ បានដែរទេ? បើទាំងអស់គ្នាយល់ព្រមបន្តធ្វើបែបហ្នឹងទៅ។
បើទោះជាយ៉ាងណាក្រោយមានការវែកញែកលើរឿងរ៉ាវទាំអនេះ មុននេះ លោក ជី ដេវីដ ក៏បានទាំងបញ្ចេញសំណេរបកស្រាយជុំវិញបញ្ហានេះដែរ។ លោកថាវា គឺ និមិត្តសញ្ញាគូរឡេីងថ្មីរបស់អ្នក Design ដោយ សណ្ឋានទម្រង់ចាស់ ។ អក្សរធំនៅក្នុង Poster គឺពុំមែនយក Font ឬ អក្សរសាស្ត្រសម័យកាលណាមួយមកប្រេីប្រាស់នោះទេ ដោយហេតុដូច្នោះទើបពួកយើងមានអក្សរតូច ពោលគឺជាអក្សរខ្មែរបច្ចុប្បន្ននៅខាងក្រោមដេីម្បីអោយបងប្អូនងាយស្រួលអាន និងយល់អំពីខ្លឹមសារ ។ ពួកយេីងគោរពការច្នៃប្រឌិត តែក៏ទទួលយកនូវការ រិះគន់ដេីម្បីស្ថាបនា សូមបងប្អូន កុំទាញចូល ប្រៀបធៀប ឬ កត្តាអ្វីផ្សេងទៀតដែលជាហេតុមិនប្រពៃសម្រាប់បទចម្រៀងមួយនេះក៏ដូចជាខ្ញុំបាទផ្ទាល់។ សូមបងប្អូនជួយលេីកទឹកចិត្តជំរុញបន្ថែមស្មារតីនៃការផលិតបទចម្រៀងរបស់ខ្ញុំបន្ថែមទៀត។ ដោយគោលបំណងនៃការផលិតបទនេះ គឺខ្ញុំផលិតដោយមោទកភាព ក៏ដូចជាដេីម្បីអបអរសាទរកម្ពុជាធ្វេីជាម្ចាស់ផ្ទះ Sea Game ដែលជាពេលវេលាដែលពួកយេីងរង់ចាំរយៈពេលជាង ៦០ឆ្នាំមកនេះ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់ បេីកចិត្តមេត្តា ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះខ្ញុំបាទនឹងក្រុមកាងារទាំងអស់ដែលបានចូលរួមចំណែក ដេីម្បីជាស្មារតីជាតិនៅក្នុងការផលិតស្នាដៃថ្មីបែបនេះបន្ថែមទៀត ។ លោកនិង ក្រុមការងារ នឹងសុំពេលធ្វេីការកែប្រែឡេីងវិញ នូវ video ចម្រៀង ទាំងក្នុង YouTube , Facebook Page និងរូប poster ផ្សេងទៀតដោយក្តីអនុគ្រោះ ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងទៅជាយ៉ាងណា?
ទោះជាយ៉ាងណាស្នាដៃសិល្បៈចុងក្រោយរបស់តារាចម្រៀង ជី ដេវីតនេះកំពុងតែអន្ទងចិត្តអ្នកស្តាប់ឲ្យមានមោទកភាពក្នុងនាមជាកូនខ្មែរកើតលើទឹកដីសម្បូរហូរហៀដោយសម្បត្តិវប្បធម៌អរិយធម៌ និងបណ្តុះផ្នត់គំនិតជាតិនិយម ព្រោះតែបទចម្រៀងបានបង្កប់ដោយការដាស់ស្មារតីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងកាន់តែច្រើនពីពង្សសាវត្តា និងការគោរពជឿលើទេវ អារុក្ខអារក្ខអ្នកតា បុព្វបុរសខ្មែរ ។ ក៏មានទស្សនៈលើកឡើងដែរថាក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ និងាជាអ្នកសិល្បៈជំនាន់ក្រោយអាចបង្កើតស្នាដៃដ៏ល្អនេះឡើង និងត្រូវបានគេរំពឹងដែរថា ខ្មែរ នឹងធ្វើការរិះគន់គ្នាក្នុងន័យកែលម្អ ឈានទៅការផលិតស្នាដៃសិល្បៈក្រោយៗឲ្យកាន់តែល្អឥតខ្ចោះដើម្បីបង្ហាញពិភពលោក និងជាការប្រគួប្រជែងផងដែរ៕