លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ច្រានចោល និងព្រមានចាត់ការតាមផ្លូវច្បាប់ លើម្ចាស់គណនីហ្វេសប៊ុកម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិតថាមានករណីដាក់ខ្សែទាក់កមុខវត្តព្រែកឬស្សី

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញមកច្រានចោលទាំងស្រុង និងព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះម្ចាស់អាខោន Facebookម្នាក់ ដែលបានបង្ហោះព័ត៌មានមិនពិតស្ដីពី ការដាក់ខ្សែទាក់កមុខវត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា៖​ សម្រាប់ករណីនេះមិនមានកើតឡើងនោះឡើយ ពោលបុរសម្នាក់ដែលគេយកទៅបង្ហោះថាមានករណីដាក់ខ្សែទាក់កនោះ ក៏បានចូលមកបំភ្លឺនៅចំពោះសមត្ថកិច្ច និងអះអាងថាមិនបានដឹង គេយករូបគាត់ទៅបង្ហោះនោះទេ។​ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយផង។

លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល បានថ្លែងបញ្ជាក់ប្រាប់នៅក្នុងគ្រុប Telegramយ៉ាងដូច្នេះថា៖ «ម្នាក់ស្រីម្ចាស់អខោននេះ បានបង្កើតព្រឹត្តិការណ៍បំពុលសង្គម។ បើគាត់មិនចូលខ្លួនមកស្នងការដ្ឋាននគរបាលខេត្តទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់»។

សូមជម្រាបថា ម្ចាស់អាខោនឈ្មោះ Fa Fa បានបង្ហោះខ្លឹមសារថា «បងប្អូនដែលនៅខាងព្រែកហូរ ពីព្រែកហូរទៅខាងតាខ្មៅ ពីតាខ្មៅទៅខាងព្រែកហូរ សូមប្រុងប្រយ័ត្ននៅមុខវត្តព្រែកឬស្សី មានគេដាក់ខ្សែទាក់ក សូមប្រុងប្រយ័ត្នទាំងអស់គ្នា សូមប្រុងប្រយ័ត្ន»។

ក្រោយមកទៀតម្ចាស់អាខោនរូបនេះ ក៏បានបង្ហោះទៀតថា «សូមបងប្អូនកុំមានការយល់ច្រឡំ ករណីយប់មិនមែនប្លន់ទេ វាគឺជាករណីខ្សែភ្លើងធ្លាក់ទេ ព្រោះកាលពីយប់មានភ្លៀងមានខ្យល់ខ្លាំង បណ្ដាលឱ្យខ្សែភ្លើងធ្លាក់កាត់ផ្លូវ ធ្វើឲ្យទាក់កអាស្រ័យហេតុនេះ នាងខ្ញុំសូមទោសជាសាធារណៈ និងបងៗសមត្ថកិច្ចក្រុងតាខ្មៅដែលមានការភាន់ច្រឡំ»។

បន្ទាប់ពីបានបង្ហោះរួចមក បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ហើយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ នគរបាលបានអញ្ជើញជនរងគ្រោះជាបុរសដែលពុំបានស្គាល់ឈ្មោះ មកសាកសួរនៅប៉ុស្តិ៍នគរបាល សង្កាត់ព្រែកឬស្សីជុំវិញករណីនេះ។

...

លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត បានអះអាងថា «សាមីខ្លួនថា មិនមែនករណីដូចការចុះផ្សាយនោះទេ គឺគាត់ជិះម៉ូតូទាក់ខ្សែកាបធ្លាក់លើផ្លូវទេ។ សាមីខ្លួនអត់ដឹងរឿងនេះ សំខាន់ម្ចាស់អាខោនគាត់មិនដឹងបានព័ត៌មានពីណាមកទេ»៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print