ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះនៅកាសុីណូយីហោ”ឃ្វីនកូ” ក្នុងក្រុងព្រះសីហនុបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ បានចេញរថយន្តជាច្រេីនគ្រឿងចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅចំណុចកាសុីណូយីហោ”ឃ្វីនកូ” ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ០៩ និង៥៣ នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
យោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីភ្លើងឆេះអគារ ឃ្វីនកូ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាន់ពេលវេលា បានប្រើប្រាស់ឡានទឹកអស់ចំនួន១៥ឡាន ដោយមានសហការពី កងរាជអាវុធហត្ថ កំពង់ផែស្វយ័ត អាកាសយានដ្ឋានអន្តរជាតិ និង៧១១។
សូមជម្រាបជូនថា ករណីគ្រោះអគ្គីភ័យនេះ ជំហ៊ានដំបូងសង្ស័យឆ្លងចរន្តអគ្គិសនីទេីបបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ប៉ុន្តែករណីនេះដែរ មិនមានអ្នករងរបួសធ្ងន់ ឬបាត់បង់ជីវិតនោះឡេីយ៕ដោយ៖សហការី