ខេត្តស្ទឹងត្រែង៖ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានថ្លែងថា នៅឆ្នាំ២០២៣នេះ គឺបានចាប់ផ្តើមចូលដល់រដូវបិទនេសាទ ពោលគឺគិតចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ២០២៣។ ក្នុងរយៈពេលបិទនេសាទនេះ មន្រ្តីជំនាញបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយហាមឃាត់មិនឱ្យមានប្រជានេសាទប្រើប្រាស់ឧបករណ៍ដែលច្បាប់បានហាមឃាត់ ទៅលួចនេសាទឬចាប់យកត្រីមេពូជនោះទេ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងរូបនេះ បានគូសបញ្ជាក់ថា ចាប់ពីខែឧសភា ដល់ខែកញ្ញាមានរយៈពេល៥ខែ គឺមិនឱ្យប្រជានេសាទប្រើឧបករណ៍នេសាទត្រីដោយខុសច្បាប់ឡើយ។
លោកបានបន្តថា ខេត្តស្ទឹងត្រែងឱ្យតែផុតរដូវប្រាំង ត្រីទាំងតូចទាំងធំគឺវាចាប់ផ្តើមបង្កកំណើតទៅតាមធម្មជាតិមុនតំបន់បឹងទន្លេសាបនិងទន្លេមេគង្គក្រោម។
លោកបានបញ្ជាក់ថា ចំពោះឧបករណ៍ដែលហាមឃាត់មិនអនុញ្ញាត្តឲ្យប្រើប្រាស់នោះរួមមាន៖ឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗទៀតនៅតាមដង ទន្លេ នៅក្នុងករណីបើសិនមានជនណាម្នាក់ប្រព្រឹត្តមិនអនុវត្តតាមការណែនាំនោះមន្រ្តីជំនាញជលផលនឹងចាត់វិធានការបង្រ្កាបកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានឱ្យដឹងទៀតថា នៅខេត្តនេះមានអំណោយផលពីធម្មជាតិ កន្លងមកគឺសម្បូរត្រីមេពូជសំខាន់ៗដូចជា៖ ត្រីព្រួល ត្រីក្អែក ត្រីប្រា ត្រីកែ ត្រីឆ្កោក ត្រីឆ្ពិន ត្រីកេះ និងត្រីផ្សេងៗជាច្រើនទៀតដែលបន្តពូជនៅក្នុងភូមិសាស្រ្តខេត្តនេះ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយមកដល់សព្វថ្ងៃនេះ ធនធានជលផលមួយចំនួនហាក់កំពុងបាត់បង់ ទៅៗ ហើយវាអាចប្រឈមនឹងផុតពូជនៅថ្ងៃអនាគត។ចំពោះពពួកត្រីដែលប្រឈមនឹងការផុតពូជខ្លាំងនោះ គឺមានដូចជាត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ផ្សោតទន្លេមេគង្គ ក្រពើត្រី ត្រីក្របី ត្រីស្ទក់ ត្រីកន្ត្រប់ខ្លា ត្រីរមាសនិង ត្រីត្រចៀកដំរីជាដើម។
លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបាននិយាយថាផ្អែកតាមការសិក្សាស្រាវជ្រាវត្រីនៅខេត្តស្ទឹងត្រែងមានអត្រាពងកូនខ្ពស់ចាប់ពីខែឧសភា តទៅ ដូច្នេះបានជាក្រសួងកសិកម្មបានប្រកាសឱ្យបិទនេសាទមុនគេ ពោលគឺចាប់ពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី ៣០ខែកញ្ញា។ កត្តាដែលបណ្ដាលឱ្យត្រីមានអត្រាពងកូនខ្ពស់ដោយសារលក្ខណៈជីវសាស្ត្ររបស់ត្រីរួមផ្សំនឹងស្ថានភាពទីជម្រកធម្មជាតិសមស្របក្នុងដែននេសាទខេត្តស្ទឹងត្រែង ដែលសម្បូរទៅដោយ មានថ្មប៉ប្រះទឹក ទឹកជួរព្រៃលិចទឹក កោះតូចៗ ខ្សាច់ និងអន្លង់ជ្រៅៗជាដើម។
នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងមានអន្លង់ចំនួន៣៥ ស្ថិតនៅតាមដងទន្លេមេគង្គ។ក្នុងនោះមានអន្លង់ផ្សោតចំនួន៤ ជាកន្លែងការពារនិងអភិរក្សធនធានជលផល និងជីវចម្រុះ។
លោកម៉ៅ លន អាយុ៥២ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់បានរៀបរាប់ថាដោយការស្រឡាញ់និងចង់ការពារធនធានត្រីឱ្យបានគង់វង្សលោកបានចូលរួមជាមួយជំនាញជលផលក្នុងនាមជាសហគន៍នេសាទ។លោកថាការងារនេះវាលំបាកនៅពេលយប់និងជួបជនល្មើសពីព្រោះលោកគ្មានកាំភ្លើង ប៉ុន្តែកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលមានកាំភ្លើងគេចូលរួមធ្វើឱ្យមិនភ័យខ្លាចជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។
ចំណែកលោក សាន យ៉ុន អ្នកនេសាទត្រីរស់នៅភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់ ក៏បាននិយាយឱ្យដឹងដែរថា៖ក្រុមគ្រួសារលោកនេសាទគឺគ្រាន់តែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះបើច្បាប់គេហាមនេសាទលោកនឹងអនុវត្តតាមដើម្បីចូលរួមអភិរក្សធនធានត្រីគឺសម្រាប់កូនចៅនិងប្រជាពលរដ្ឋទូទៅ៕