សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃសុក្រនេះថា ឧប្បត្តិហេតុដ្រូននៅឯវិមានក្រឹមឡាំងកាលពីថ្ងៃពុធសប្តាហ៍នេះ គឺជា «ទង្វើអរិភាព» ហើយរុស្ស៉ីនឹងឆ្លើយតបជាមួយនឹង «សកម្មភាពជាក់ស្តែង»។
លោក ឡាវរ៉ូវ បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា យ៉ាងដូច្នេះថា «វាច្បាស់ណាស់ថានេះជាទង្វើអរិភាព វាច្បាស់ណាស់ថាទីក្រុងកៀវមិនអាចប្រព្រឹត្តសកម្មភាពដោយគ្មានការដឹងឮពីចៅហ្វាយនាយរបស់ពួកគេឡើយ។ យើងនឹងឆ្លើយតបដោយមិនមែនគ្រាន់តែជាការនិយាយនោះទេ តែយើងនឹងឆ្លើយតបដោយសកម្មភាពជាក់ស្តែង»។
រុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកបានបាញ់យន្តហោះដ្រូនលើវិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយចោទសហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយការវាយប្រហារនោះ។ ដោយឡែក អ៊ុយក្រែន បានបដិសេធការប្រព្រឹត្តបែបនោះ ខណៈដែលសេតវិមានច្រានចោលការអះអាងរបស់រុស្ស៊ីថាជាពាក្យភូតកុហក៕ ដោយធីរីណា
រូបថត : vtc.vn