ភ្នំពេញ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលហៅកាត់ថា CAMSOC សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើសុំការយោគយល់ និងស្នើជួយផ្តល់យោបល់ ក្នុងនាមជាគ្រួសារស៊ីហ្គេម ប្រសិនបើកម្ពុជាមានភាព ចន្លោះប្រហោង និងខុសឆ្គង់កន្លែងណាមួយនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់កាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោយ៉ាងដូច្នេះថា៖ កម្ពុជាបានទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះ នៃការបើកការប្រកួតកីឡាស៊ីហ្គេមនេះអស់រយៈពេល៦៤ឆ្នាំហើយ ខណៈដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺដោយសារ កម្ពុជាមានសុខសន្តិភាពពេញលេញ ដូច្នេះប្រសិន បើការបើកព្រឹត្តិកាណ៍មានការខ្វះខាត និងមិនល្អត្រង់កន្កែងណាមួយដែលនាំឲ្យប៉ះពាល់ដល់មិត្តភ័ក្រទាំងអស់គ្នាដែលបានចូលរួមនេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា៖ ការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ មិនត្រឹមតែសំដៅលើការរៀបចំព្រឹត្តិការណ៍កីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញពីទស្សនីយភាព ជាប្រវត្តិសាស្រ្តសដ៏មានការទាក់ទាញ និងពីភាពអស្ចារ្យ ដែលជាលក្ខណៈពិសេសមួយនៃវប្បធម៌ខ្មែរ និងជាអត្តសញ្ញាណជាតិ ដើម្បីផ្សព្វផ្សាយដល់ពិភពលោក។
បន្ថែមពីនេះ សម្តេចពិជ័យសេនា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ នឹងធ្វើការផ្លាស់ប្តូរទេសចរណ៍ សេដ្ឋកិច្ច-សង្គមនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានចូលរួមបង្កើនឱកាសទំនាក់ទំនងគ្នាកាន់តែជិតស្និត និងស៊ីជម្រៅបន្ថែមទៀត ក្នុងការពង្រឹងវិស័យកីឡា។ សម្តេចពិជ័យសេនា ថ្លែងបន្តថា ប្រទេសកម្ពុជា បានយកក្តីស្រមៃរបស់ខ្លួនឲ្យក្លាយជាការពិតហើយ ខណៈប្រជាជនកម្ពុជានៅទូទាំងប្រទេស ពិតជាមានក្តីរំភើបរីករាយមិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍នេះផងដែរ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងទៀតថា ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺកម្ពុជាបានទទួលប្រតិភូកីឡាចំនួន១១ប្រទេស ដោយមានប្រតិភូកីឡាចំនួន១០៨៩០នាក់ ខណៈពួកគេក៏ដូចជាពិភពលោកទាំងមូលនឹងចង់ចាំដល់កម្ពុជា ដែលកម្ពុជាបើកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនគិតថ្លៃសំបុត្រទស្សនាក្នុងពិធីបើក និងបិទ,កម្មវិធីផ្សាយរបស់ទូរទស្សន៍ទៅបរទេស,ទាំងការហូបចុក,ស្នាក់នៅ និងដឹកជញ្ជូនប្រតិភូកីឡាទាំងអស់ផងដែរ ដោយកម្ពុជាប្រសិទ្ធនាមថា«កម្ពុជាព្រឹត្តិកាណ៍កីឡាមិនគិតថ្លៃ»៕ ដោយ៖សហការី