សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ ហើយសម្លាប់មនុស្ស៩នាក់ ព្រមទាំងបង្កឱ្យរបួស៧នាក់ផ្សេងទៀតនៅឯផ្សារទំនើបដ៏មមាញឹកមួយកន្លែង ស្ថិតក្នុងទីក្រុងមួយ នៃរដ្ឋតិចសាស់ (Texas) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក)។
លោក Brian Harvey ដែលជាស្នងការប៉ូលិសទីក្រុង អាល់លែន (Allen) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ខ្មាន់កាំភ្លើងម្នាក់នោះដែលអាជ្ញាធរជឿថាបានធ្វើសកម្មភាពតែម្នាក់ឯង គឺត្រូវបានមន្រ្តីប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីរូបគេបានបើកការវាយប្រហារនៅក្រៅផ្សារទំនើប Allen Premium Outlets ដែលស្ថិតក្នុងទីក្រុង Allen នៃរដ្ឋ Texas។ យោងតាមអង្គការ Gun Violence Archive មកទល់ឥឡូវ ក្នុងឆ្នាំ២០២៣នេះ ករណីបាញ់ប្រហារដែលមានមនុស្សស្លាប់ និងរបួសចាប់ពី៤នាក់ឡើងទៅនៅសហរដ្ឋអាមេរិក គឺបានកើនដល់ជិត២០០ករណីហើយ។
ក្នុងសប្តាហ៍នេះ ប៉ូលិសនៅរដ្ឋ Texas ទើបតែបានចាប់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យពីបទបាញ់សម្លាប់អ្នកជិតខាងរបស់ខ្លួនចំនួន៥នាក់ ក្នុងនោះរួមមានទាំងក្មេងអាយុ៩ឆ្នាំម្នាក់ផងដែរ ក្រោយប្រតិបត្តិការតាមប្រមាញ់រុករករបស់អាជ្ញាធរ អស់រយៈពេល៤ថ្ងៃ៕ ដោយធីរីណា
រូបថត : Reuters