ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល !
សម្ដេចតេជោ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ នៅថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំ។
ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕ដោយ៖សហការី