ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។
កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បេីកប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀន នៅចំណុចបន្ទប់ទឹក កាស៊ីណូប៉ារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា វេលាម៉ោង០៦ និង០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពត៌មានពីសន្តិសុខថាមានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចក្នុងបន្ទប់ទឹកកាស៊ីណូប៉ារ៉ាមិច ភ្លាមៗនោះកម្លាំងអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ពេជ្រ រ៉ាវី ហៅ ក្រឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ច្រកក្នុងកញ្ចប់តែមួយជាមួយម៉្សៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន០៦កូនថង់កិប ស្មើនឹង០៦គ្រាប់ ទម្ងន់ ១,៦៧ក្រាម(មួយក្បៀសហុកសិបប្រាំពីរក្រាម) និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីការឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ បានសារភាពថា រូបគេ (ពេជ្រ រ៉ាវី) ពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ វណ្ណា