ភ្នំពេញ : នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបកំពូលជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
ក្នុងជំនួបនេះផងដែរ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកបានទទួល នូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាងមុខ៕
ដោយ : សិលា