ខេត្តមណ្ឌលគិរី៖ ដីព្រៃកប់ខ្មោច ព្រៃអារក្យអ្នកតារួមនឹងដីព្រៃសហគមន៍របស់រដ្ឋប្រមាណជាង១.០០០ហិកតាត្រូវក្រុមប្រជាពលរដ្ឋជិត១០០គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិច”ព្នង”បានផ្ទុះការតវ៉ាប្រឆាំងដាច់ខាត និងសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរនិងមន្ត្រីសុរិយោដីដែលត្រូវគ្នាជាប្រព័ន្ធក្នុងការចុចម៉ាស៊ីន GPS បាញ់ក្ដោបវាស់វែងយកជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋជិត១០០គ្រួសារនៃសហគមន៍ជនជាតិដើមភាគតិច”ព្នង”ផ្ទុះការតវ៉ាប្រឆាំងដាច់ខាតទៅលើមន្ត្រីសុរិយោដីដែលត្រូវរូ៉វគ្នាជាប្រព័ន្ធចុចម៉ាស៊ីន GPS បាញ់ក្ដោបដីព្រៃកប់ខ្មោច ព្រៃអារក្យអ្នកតារួមនឹងដីព្រៃសហគមន៍ របស់រដ្ឋប្រមាណជាង១.០០០ហិកតានោះស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
មន្រ្តីឃុំរយ៉ ស្រុកកោះញែក រួមនឹងមន្ត្រីសុរិយោដីស្រុក ខេត្តផងដែរបានកាត់ឆ្វៀលដីឱ្យទៅបុគ្គលអ្នកមានអំណាចមានលុយកាក់ដែលពួកគាត់បានឃើញឈ្មោះក្នុងបញ្ជីបិទប្រកាសចំនួន៣១ឈ្មោះ។
ក្នុងចំណោមនោះរួមមានឈ្មោះលោកមេឃុំរយ៉ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក ផាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក និងសាច់ញាតិ បក្ខពួកដទៃទៀតដែលពុំមែនជាអ្នកភូមិផងនោះ!។
នេះបើយោងតាមការបញ្ជាក់ពីសហគមន៍ជនជាតិដើមភាគតិចព្នងដែលអះអាងប្រាប់ក្រុមអ្នកយកព័ត៌មានពេលផ្ទុះការតវ៉ា នៅចំណុចដីព្រៃសហគមន៍ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកនាថ្ងៃទី០៥ខែមេសាឆ្នាំ២០២៣។
ក្នុងករណីនេះ សហគមន៍ជនជាតិដើមភាគតិច”ព្នង”សូមស្នើយ៉ាងទទូចដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាជួយធ្វើអន្តរាគមន៍ ទប់ស្កាត់រក្សាដីព្រៃខាងលើ ទុកជាសម្បត្តិរដ្ឋដដែល។
ខណៈពួកគាត់ខំធ្វើពាក្យបណ្ដឹងទប់ស្កាត់រាប់សិបសន្លឹក បែរជាមន្ត្រីពាក់ព័ន្ធមិនទទួលនិងមិនដោះស្រាយឱ្យ។ ទើបពួកគាត់ស្នើឱ្យ« អង្គភាពយើងខ្ញុំ»ជួយផ្សព្វផ្សាយនូវរឿងរ៉ាវនេះ សម្រាប់ផ្ដល់ព័ត៌មានទៅកាន់ថ្នាក់ដឹកនាំ។
ជាក់ស្ដែងលោក ស្រើម ចូញ លោកក្រេះ ក្លេត លោកប្រង់ ណច តំណាងសហគមន៍ជនជាតិដើមភាគតិច”ព្នង”បានលើកឡើងដូចៗគ្នាថាៈ ដីព្រៃសម្រាប់កប់ខ្មោច ត្រង់ចំណុចភ្នំក្រុំ រួមនឹងដីព្រៃសហគមន៍ចំណុចភ្នំចុងក្រែង ដីព្រៃចំណុចច្រប់ពុលពត សរុបជាង១.០០០ហិកតា ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកត្រូវបានមន្ត្រីសុរិយោដីស្រុកកោះញែក និងខេត្ត ប្រើម៉ាស៊ីន GPS បាញ់ក្ដោបវាស់វែង កាត់ឆ្វៀលឱ្យទៅអ្នកមានលុយនិងអ្នកមានអំណាចយ៉ាងអនាធិបតេយ្យ ដែលករណី
នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដីអាស្រ័យផលជាច្រើនឆ្នាំរបស់ជនជាតិដើមភាគតិច”ព្នង”ដែលនៅក្បែរផ្ទះមានដំណាំស្រាប់ មន្ត្រីជំនាញមិនវាស់វែងឬចេញប្លង់ឱ្យទេ ដោយថា”ជាដីព្រៃរបស់រដ្ឋ”។
ទន្ទឹមនឹងនោះ ស្ងាត់ៗស្រាប់តែមន្ត្រីជំនាញសុរិយោដីបានចុចម៉ាស៊ីន GPS វាស់វែងដីព្រៃសហគមន៍របស់រដ្ឋ ត្រង់ចំណុចខាងលើដែលជាព្រៃស្រោងមកអង្កន់ពុះចែកឱ្យទៅបុគ្គលអ្នកមានលុយ និងមានអំណាចយ៉ាងគឃ្លើនទៅវិញ..?
បើតាមតំណាងសហគមន៍ ពួកគាត់ទើបនិងភ្ញាក់ផ្អើលនៅពេលឃើញការបិទប្រកាស ហើយភ្លាមៗនោះដែរ ពួកខ្លួនបានតវ៉ា និងធ្វើបណ្ដឹងទប់ស្កាត់ជាច្រើនសន្លឹក តាមលេខរៀងក្បាលដីនីមួយៗ
ដែលបានវាស់គ្របលើដីអាស្រ័យផលរបស់ពួកគាត់ ជាពិសេសគឺដីព្រៃសហគមន៍តែម្ដង។ ប៉ុន្តែរាល់បណ្ដឹងពួកគាត់ត្រូវបានមន្ត្រីនៅកន្លែងបិទប្រកាស សាលាឃុំរយ៉ សុរិយោដីស្រុកកោះញែក រួមនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីទាត់ចោល បដិសេធមិនទទួល ហើយក៏មិនដោះស្រាយឱ្យដែរ។
ជាហេតុនាំឱ្យសហគមន៍ជនជាតិដើមភាគតិច”ព្នង”សម្ដែងការឈឺចាប់និងហួសចិត្តជាខ្លាំងជុំវិញករណីនេះ។
តំណាងសហគមន៍បន្តថាៈ ដីព្រៃកប់ខ្មោច ដីព្រៃអ្នកតា ត្រង់ចំណុចខាងលើ គឺជនជាតិដើមភាគតិច”ព្នង”មានជំនឿខ្លាំងណាស់ ដោយគោរពប្រតិបត្តិ ថែរក្សារហូតមក។ ក្នុងនោះ បើគេយកធ្វើជាកម្មសិទ្ធិបានសម្រេចមែន ហើយឈូសឆាយព្រៃអ្នកតានឹងធ្វើឱ្យអ្នកភូមិកើតជំងឺតម្កាត់មើលមិនជា ឈឺស្លាប់តកូនតចៅមិនខានឡើយ។
ហេតុនេះទើបពួកគាត់ប្រឆាំងដាច់ខាត ចំពោះការយកដីព្រៃសហគមន៍ទៅកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជននោះ។
តំណាងសហគមន៍បញ្ជាក់ទៀតថាៈបុគ្គល៣១ឈ្មោះ ដែលត្រូវទទួលបានដីព្រៃសហគមន៍ជាង១.០០០ហិកតានោះ
សុទ្ធសឹងជាមន្ត្រីអ្នកមានអំណាចនិងមានលុយ ដោយភាគច្រើនមិនមែនជាអ្នកភូមិនៅទីនេះទេ។ ប៉ុន្តែក្នុងនោះក៏មានលោក ប៉ិល ឌិត មេឃុំរយ៉ ក្រុមប្រឹក្សាឃុំរយ៉ ស្មៀនឃុំរយ៉.លោក ផាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក រួមនឹងសាច់ញាតិ បក្ខពួក ដោយម្នាក់ៗទទួលបានដីព្រៃទំហំចន្លោះពី០៥ហិកតា ទៅ៥០ហិកតា។
រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរីបានថ្លែងប្រាប់អង្គភាពយើងថា ការប្តឹងតវ៉ារបស់ពលរដ្ឋខាងលើគឺមិនត្រូវតាមគោលការណ៍នោះឡើយ ព្រោះសហគមន៍របស់ពួកគាត់មិនទាន់ចុះបញ្ជី៕ ដោយជីវ័ន្ត