ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកអាវភ្លៀង ជូនដល់បងប្អូនកងកម្លាំង ខណៈរដូវវស្សាបានមកដល់។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា, ថ្ងៃនេះ ខ្ញុំបានចុះមកដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ ជាពិសេស គឺការចែកអាវភ្លៀង ជូនដល់បងប្អូនកងកម្លាំង ខណៈរដូវវស្សាបានមកដល់។
កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។
ចំពោះកងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង ក្រៅពីបំពេញការងារស្នូលរបស់ខ្លួន បងប្អូនកងកម្លាំង តែងតែចូលរួមសកម្មភាពការងារសង្គម ជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជួបខ្យល់កន្ត្រាក់ គ្រោះមហន្តរាយជាដើម។ ជាក់ស្តែងក្រៅពីអាវភ្លៀង សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធនាថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥២ ក៏ទទួលបានអង្ករ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងស័ង្កសី ចំនួន ៥០០០ សន្លឹក ដើម្បីយកមកជួយដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផងដែរ ៕
ដោយ : សិលា