សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣បានចុះផ្សាយថា ស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាថា អ៊ុយក្រែនបានចាប់ផ្តើមការវាយលុករបស់ពួកគេ ហើយកំពុងខិតជិត Bakhmut ពីចំហៀង។
នៅពេលសួរដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អំពីការវាយប្រហារតបតរបស់អ៊ុយក្រែន លោក Prigozhin បាននិយាយថា ប្រតិបត្តិការរបស់អ៊ុយក្រែន «ជាអកុសល បានទទួលជោគជ័យដោយផ្នែក»។
កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយក្រុមទាហានស៊ីឈ្នួល Wagner បាននិងកំពុងធ្វើការវាយលុកយ៉ាងបង្ហូរឈាមដើម្បីដណ្តើមយកទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីរដូវក្តៅមុន។
កាលពីថ្ងៃពុធ ទាំងលោក Prigozhin និងយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងកៀវបានវាយប្រហារអង្គភាពទ័ពរុស្ស៊ីឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Bakhmut ក្នុងការឈានទៅមុខដ៏សំខាន់សម្រាប់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : Vietnamnet.vn