ភ្នំពេញ ; សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ប្រជាកសិករធ្វើស្រែប្រវាសមេឃ ទាល់តែមានភ្លៀវ ទើបធ្វើស្រែបាន នេះជាបញ្ហាដែលត្រូវដោះស្រាយជូនបងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដើម្បីទទួលបានទិន្នផលកសិកម្មបានច្រើន គឺ មន្ត្រីជំនាញត្រូវរហ័សដោះស្រាយប្រព័ន្ធរំដោះទឹក និងចុះបង្រៀនប្រជាកសិករពីការដាំដុះពូជស្រូវ ដែលត្រូវនឹងតម្រូវការទីផ្សារ និងការកែច្នៃទិន្នផលនោះទៅជាអ្វីផ្សេងៗទៀត ដែលអាចផ្តត់ផ្គង់នៅលើទីផ្សារបាន។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ក្រសួងកសិកម្មឲ្យធ្វើការសិក្សាជំរុញបច្ចេកទេសកសិកម្មបន្ថែម និងបញ្ជ្រាបបច្ចេកទេសកសិកម្មនេះទៅជាមួយនឹងប្រជាពលរដ្ឋ។
សម្ដេចបានណែនាំឲ្យក្រសួងកសិកម្មបង្កើតនូវវិធានការថ្មីដើម្បីបញ្ជូនអ្នកបច្ចេកទេសកសិកម្មទៅដល់មូលដ្ឋានផ្ទាល់ដើម្បីបណ្ដុះបណ្ដាលប្រជាកសិករ ៕
ដោយ : សហការី