ការបោះឆ្នោតនៅក្នុងប្រទេសថៃកាន់តែខិតមកជិត ហើយគណបក្ស៣ ដែលនាំមុខគេនោះ មាន ២គណបក្ស គឺ គណបក្ស ចលនាឆ្ពោះទៅមុខ MFP ប្រកាសថានឹងចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សភឿថៃ។
ព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថាគណបក្សរបស់លោកនឹងបង្កើត រដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះទេ។
ថ្លែងនៅបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា លោក ភីថា បានបញ្ជាក់ថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ អាចនឹងទទួលបានប្រមូលបានអាសនៈគ្រប់គ្រាន់នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាល។ «នេះជាសញ្ញាវេជ្ជមាន។ នេះគឺជាពេលដែលថៃ ត្រូវផ្លាស់ប្ដូរ»។ នេះការបញ្ជាក់បន្ថែមរបស់លោក ភីថា។
គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតបឋម គណបក្សចលឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯ គណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈ។
តែទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះមិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយ ទេ។ ពីព្រោះការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ។ ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធាក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភា ទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី គាំទ្រដោយ យោធា៕
រូបថត : Bangkok Post