ភ្នំពេញ : ពិតជាគួរឲ្យហួសចិត្តនិងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិន បានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជី ឲ្យគណបក្សនេះទេដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។
វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ ឆ្នាំក្នុងឆាកនយោនបាយបែរជា ទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០ យ៉ាងដែលមិនអាចខ្វះបានពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។
ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើក ទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖ គេបានត្រៀមលក្ខណៈជា មុនរួចស្រេចអស់ ហើយដោយមិនចាំបាច់អែអង់ឡើយ និងទី២៖ គេចង់បង្ការក្រែងមានការខ្វះខាតអ្វីជាយថាហេតុ គេមានពេលវេលាគ្រប់គ្រាន់ដើម្បីកែតម្រូវ។ ចំណែកឯបក្សភ្លើងទៀន បានទៅចុះបញ្ជីនៅថ្ងៃចុង ក្រោយហើយនៅតែខ្វះឯកសារទៀត។ ក្រោយពីពិនិត្យពាក្យសុំចុះបញ្ជី គ.ជ.ប បានប្រកាសជូនដំណឹងទៅបក្សភ្លើងទៀនឲ្យបំពេញលក្ខខណ្ឌចំនួន៣ ដែលខ្វះខាត៖ ទី១ ត្រូវមានឯកសារដើមនៃការចុះឈ្មោះបក្សនយោបាយនៅក្រសួងមហាផ្ទៃ, ទី២ ត្រូវមានបង្កាន់ដៃបង់ប្រាក់តម្កល់នៅរតនាគារជាតិចំនួន ១៥ លានរៀល និងទី៣ ត្រូវដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រពីព្រោះបុគ្គលរូប នេះមិនទាន់ទទួលបានសម្បទារឡើងវិញសម្រាប់ឈរឈ្មោះបោះឆ្នោតឡើយបន្ទាប់ពីតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីពេលកន្លងទៅ។ ឯកសារចុងក្រោយដែលគណបក្សភ្លើងទៀនមិនបានបំពេញគឺ ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
គ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសោះហេតុអ្វីបក្សភ្លើងទៀនមិនអាចបំពេញបាន? «នេះគឺជាលទ្ធផលនៃកម្សោយផ្លូវច្បាប់និងធនធានមនុស្សនិងជាពិសេស ភាពខ្ជីខ្ជាររបស់គណបក្សភ្លើងទៀនទើបបណ្តាលឲ្យជួបបញ្ហាបែបនេះ»។ ភាពកម្សោយទាំង នេះមិនមែនជារឿងចម្លែកទេសម្រាប់បក្សនយោបាយមួយដែលកំពុង
បែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដូចទឹក បាក់ទំនប់។គ្រាន់តែសេចក្តីថ្លែងការណ៍ដែលចេញប៉ុន្មានថ្ងៃចុងក្រោយនេះក៍ជាភស្តុតាងដែលបានបញ្ជាក់យ៉ាងច្បាស់រួចទៅ ហើយអំពីភាពច្របូកច្របល់ផ្ទៃក្នុងរបស់បក្សភ្លើងទៀន។
លោក សុន ឆ័យ អនុប្រធានគណបក្សនេះបានទទួលស្គាល់នៅចំពោះមុខសកម្មជនរបស់ខ្លួនថា ពិតជាមានភាព ច្របូកច្របល់ផ្ទៃក្នុងគណបក្សមែន ដែលសូម្បីតែរូបលោកក៏មិនបានដឹងថា តើអ្នកណាចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ នោះផងទេពីព្រោះវាជាសេចក្តីថ្លែងការណ៍ខុស ទាំងស្រុង។ នៅជ្រុមួយទៀត មន្ត្រីនិងសកម្មជន ជាច្រើនរបស់គណបក្សភ្លើងទៀនក៍បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្ស
ប្រជាជនកម្ពុជាដែលធ្វើឲ្យគណបក្សនេះជួបបញ្ហាវឹកវរផ្ទៃក្នុងកាន់តែខ្លាំង។ ចំណែកឯក្បាលម៉ាស៊ីនដឹកនាំវិញរឹតតែវឹកវរខ្លាំងថែមទៀតដោយ សារតែអ្នកខ្លះជួបរឿងអាស្រូវផ្លូវភេទដ៏គួរឲ្យអាម៉ាស់តួយ៉ាងលោក លី សុធា
រ៉ាយុត្តិ ចំណែកឯ លោក ថាច់ សេដ្ឋា ក៍មានរឿងក្តីក្តាំជំពាក់លុយគេហើយកំពុងជាប់ពន្ធនាគារ ខណៈ លោក សុន ឆ័យ ក៏រងពាក្យបណ្តឹងបរិហារកេរយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការដណ្តើមអំណាចគ្នាក៏បានដុតរោលគណបក្សនេះឲ្យក្តៅឆាបឆួលស្ទើរឆេះទៅហើយ។
ក្នុងស្ថានភាពបែប នេះ គេប្រាកដជាអាចយល់បានថា គណបក្សនេះគ្មានសមត្ថភាពនិងគ្មានសម្បទារគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចជាគណបក្សដែលឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតបានឡើយ។ ប៉ុន្តែវិបត្តិផ្ទៃក្នុងនិងអសមត្ថភាពរបស់ខ្លួនមិនត្រូវបង្វែរទៅជាកំហុសរបស់ គ.ជ.ប ឬអ្នកដទៃនោះឡើយ។
តាមទម្លាប់ បក្សប្រឆាំងមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ពោលគឺ តែងតែទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេសទៅលើបក្សកាន់អំណាច។ ករណីការចុះបញ្ជីគណបក្សនាពេលនេះក៏ទំនងជាមិនខុសគ្នាឡើយ។ ច្បាស់ជាមានអ្នកទាញឲ្យទៅជាកំហុសរបស់ គ.ជ.ប ឬកំហុសរបស់គណបក្សប្រជាជនកម្ពុជាមិនខាន
តាមរយៈការបង្វែរ សាធារណៈមតិឲ្យយល់ច្រឡំថា មកពីគ.ជ.ប ឬបក្សកាន់អំណាច ឬ លោក នាយករដ្ធមន្ត្រី ហ៊ុន សែន រារាំងមិនចង់ឲ្យបក្សភ្លើងទៀនចូលរួមបោះឆ្នោត។
ប្រសិនបើមានការ លើកឡើងបែបនោះមែន ក៏គ្មាននរណាគេជឿនោះដែរពីព្រោះនេះជាកម្សោយខាងផ្លូវច្បាប់របស់បក្សភ្លើងទៀនខ្លួនឯងដែល គ.ជ.ប បានប្រកាសឲ្យដឹងជាសាធារណៈអស់ ហើយ ពោល«បើជាងមិនកើត កុំបន្ទោសដែក» ព្រោះ «គ.ជ.ប. គេអនុវត្តស្តង់ដារតែ ១ ច្បាប់គឹច្បាប់ ច្បាប់វាតឹង ប៉ុន្តែវាជា ច្បាប់» «La loi c’est la loi, la loi est dure mais c’est la loi»។
កន្លងមកនេះក៍មានគណបក្សនយោបាយដល់ទៅ ៥ ដែលគ.ជ.ប បានស្នើសុំឲ្យកែតម្រូវ និងបំពេញបន្ថែម
ឯកសារដែលខ្វះខាត ប៉ុន្តែគណបក្សទាំងនោះបានបំពេញតាមតម្រូវការរបស់ គ.ជ.ប បានទាន់ ពេលវេលា ចម្លែកអ្វីតែបក្សភ្លើងទៀនមិនអាចធ្វើបាន។ប្រការនេះពិតជាសបញ្ជាក់ឲ្យឃើញថា គណបក្សដែល មានចំណាស់ជិត ៣ ទសវត្សរ៍ក្នុងឆាកនយោបាយមួយនេះនៅតែគ្មានសមត្ថភាព គ្មានធនធានមនុស្សគ្រប់គ្រាន់ គ្មានកំណើត និងនៅតែបែកបាក់ផ្ទៃក្នុងយ៉ាងខ្ទេចខ្ទាំដដែល។
ភាពកម្សោយទាំងអស់នេះជាសក្ខីភាពនិងជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលបញ្ជាក់អំពីការចុះទន់ខ្សោយរបស់បក្សប្រឆាំងនៅកម្ពុជា។ នេះក៏ជាហេតុផលសត្យានុម័តដែលសកម្មជននិងអ្នកគាំទ្រគណបក្សប្រឆាំងបានមកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់៕
ដោយ: អ្នកនយោបាយតុកាហ្វេ