ភ្នំពេញ៖ ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុង. និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យកង កម្លាំងត្រូវបន្ថែមការងារពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាឲ្យ ព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភា ២០២៣ ដំណើរ ការទៅដោយរលូន និងទទួលជោគជ័យ ជូនជាតិ ។
លោក ឃួង ស្រេង បានជំរុញបន្ថែម លើការងារពង្រឹង សន្ដិសុុខបែបនេះ ខណៈលោក បានកោះប្រជុំជាមួយ អាជ្ញាធរខណ្ឌ ទាំង១៤ នារសៀលថ្ងៃទី១៥ ឧសភាឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យនិងទទួលបានការកោត សរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងអោយកាន់តែល្អជាងមុន ដើម្បីអោយប្រជាពលរដ្ឋបានទស្សនាកំសាន្ត។
កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុន អោយរួចរាល់។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺន
នាក់ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺនទៀត សរុប ប្រមាណ៨ម៉ឺននាក់ ។តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក ។ ដូច្នេះទេ យើងត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំរបស់លោកអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ដើម្បីអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភាខាងមុខ
នេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនប្រទេសជាតិរបស់យើង។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ៕ . សំរិត