ខេត្តកំពង់ស្ពឺ៖ ពាក្យចាស់ពោលថា៖ “រពឹសដៃផ្ទៃឆ្អែត” ពិតជាសមហេតុផល ម្យ៉ាងដែរ បើសិនជាយើងចេះប្រើដៃរបស់ យើងធ្វើអ្វីឱ្យវាមានប្រយោជន៍ ប៉ុន្ដែផ្ទុយទៅ វិញបើរពឹសដៃដូចយុវជន ៣នាក់នេះ យកដុំថ្មគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ក៏ត្រូវកម្លាំងនគរបាលស្រុកបសេដ្ឋ ដែលកំពុងជិះល្បាតក្នុងមូលដ្ឋាន ចុះឃាត់ខ្លួនជាក់ស្ដែងយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា៖ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានព័ត៌មានករណីគប់កញ្ចក់រថយន្ដ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តភ្លាមមកដល់ចំណុចខាងលើ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ (ជនដៃដល់) ២-ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៣នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
របាយការណ៍ដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ 2U-3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ដោយគោលបំណងគប់លេង បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងក្រោយផុតពីកញ្ចក់ ដែលកន្លងមកពួកខ្លួនក៏ធ្លាប់ធ្វេីសកម្មភាពគប់កញ្ចក់ញឹកញាប់ដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី