ភ្នំពេញ : នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោក សាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល ដែលទទួលបន្ទុកថែទាំ និងសង្គ្រោះបឋមដល់ក្រុមកីឡាករ អ្នកសំដែង ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងទស្សនិកជន នៅកន្លែងប្រកួត កន្លែងស្នាក់នៅ តាមមន្ទីរពេទ្យ និងទីកន្លែងផ្សេងៗ ដែលមានភារកិច្ចទទួលអ្នករងគ្រោះ ឫមានជំងឺជាយថាហេតុ។
សូមបញ្ជាក់ថា, ក្នុងព្រឹត្ដិការណ៍បិទស៊ីហ្គេមនៅល្ងាចនេះ ក្រសួងសុខាភិបាលបានពង្រាយរថយន្ដសង្គ្រោះ ចំនួន ១០០គ្រឿង ក្នុងនោះរថយន្តសង្គ្រោះ ចំនួន ៧៨គ្រឿង រថយន្ដគ្លីនិចល័ត ៦គ្រឿង និងរថយន្ដសង្គ្រោះសម្រាប់ត្រៀមបម្រុង ចំនួន ១៦គ្រឿង ដោយមានក្រុមអ្នកសង្គ្រោះជាង១ពាន់នាក់ ដើម្បីត្រៀមផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា ក្នុងពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។
លោក សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានសម្ដែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចបានយ៉ាងជោគជ័យ ៕