នាយឧត្ដមសេនីយ៍ វង្ស ពិសេន «សន្តិភាពដែលកម្ពុជាកំពុងមាន បានមកដោយលំបាក, សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា សន្តិភាពដែលកម្ពុជា មានរហូតមកដល់ពេលនេះ ជាសន្តិភាពរកមកបានដោយលំបាក សម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុន និងការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១១ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានកងទ័ពជើងគោក ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងបន្តថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមានជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលប្រជាជនកម្ពុជាទទួលបានដូចបច្ចុប្បន្ន។

«ដើម្បីថែរក្សាបានសមិទ្ធផលជាតិដ៏ឧត្តុង្គឧត្តម កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការអះអាងរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសរំលេចពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាសន្តិភាព និងបានបង្ហាញដល់ពិភពលោកឱ្យស្គាល់ពីការពិតនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលពោរពេញដោយការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

ជាមួយនឹងការលើកឡើងពីតម្លៃសន្តិភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានគូសបញ្ជាក់ពីស្ថានការណ៍សកលលោកបច្ចុប្បន្ន ដែលស្ថិតក្នុងចរន្តសកលភាវូបនីយកម្ម ពោរពេញដោយការប្រកួតប្រជែងផ្នែកចំណេះដឹង និងបច្ចេកវិជ្ជា ដែលកត្តានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវខិតខំកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងជំនាញផងដែរ ដើម្បីតាមទាន់ចរន្តតំបន់និងពិភពលោក។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជម្រុញដល់គ្រប់ស្ថាប័ន ត្រូវម្ចាស់ការហ្វឹកហ្វឺនក្នុងប្រទេស ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ការបណ្តុះបណ្តាលយោធិនបច្ចេកទេសជំនាញ ការកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេន ដែលជាកត្តាគន្លឹះនៃការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពការកែទម្រង់កងយោធពលខេមរភូមិន្ទ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print