ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នៅរសៀលថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាននៅក្រុងបាត់ដំបងយ៉ាងសកម្មម្នាក់បានហើយ បច្ចុប្បន្នបាននាំខ្លួនយកមកសាកសួរដេីម្បីបន្តនីតិវិធីច្បាប់។
លោកអធិការក្រុងបាត់ដំបង បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ទូច លីហេង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់ថ្មី ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកដកហូតបាន៖ ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ ,ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ ,ម៉ូតូរបស់ជនសង័្សយជិះធ្វេីសកម្មភាព ,ទូរស័ព្ទដៃ០១គ្រឿងនិងសម្ភារៈមួយចំនួនទៀត។
ប្រភពដដែលបន្តថា ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ គឺបានកេីតឡេីងកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោងមិនប្រាកដក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង មានករណីអំពើ លួចមានស្ថានទម្ងន់ទោស (ឆ្កឹះគន្លឹះទ្វារ)លួចយកទ្រព្យសម្បត្តិរួមមាន៖ ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ និងម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
ក្រោយកេីតហេតុនិងទទួលបាននូវព័ត៌មាននេះរួចមកនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្រ្កាបតែម្តង។ រីឯជនសង័្សយខាងលេីឆ្លេីយសារភាពថា ក្នុងយប់តែមួយគេដេីរលួចបានចំនួន០២ទីកន្លែងផ្សេងគ្នាគឺលួចនៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់មួយកន្លែងនិងលួចនៅផ្ទះបុរីស្ថិតនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕ដោយ៖សហការី