ភ្នំពេញ : ភាពអស្ចារ្យ ការសាងប្រវត្តិសាស្ត្រ ជោគជ័យ ធ្វើអោយបច្ចុប្បន្ន វណ្ណដា បានក្លាយជាតារាបានរ៉េបជួរមុខលំដាប់ប្រទេស ដែលមានអ្នកស្រលាញ់គាំទ្រច្រើនលើសលប់មិនថាជាក្មេងៗ ឬយុវវ័យ សុទ្ធតែទទួលស្គាល់ស្នាដៃចម្រៀងអ្នកកំលោះមកពីខេត្តព្រះសីហនុរូបនោះសឹងគ្រប់ៗគ្នា។ អ្វីដែលទទួលបានការ គោរព ស្រឡាញ់ បានបេះដូងប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស អាស៊ី និងអ៊ឺរ៉ុប វណ្ណដា មានចំណុចពិសេស មិនអំនួត មិននិយាយ ធ្វើអ្វី ប៉ះពាល់ ដល់សិទ្ធិអ្នកដទៃ បង្ហាញពី សីលធម៌ របស់ តារារូបនេះ មានសេចក្តី ថ្លៃថ្នូរ លើកមុខមាត់ ប្រទេសជាតិ ដ៏រុងរឿងនៃយើង ។
សូមបញ្ជាក់ថា, ថ្មីៗនេះដែរទស្សនាវដ្ដី Forbes លំដាប់ពិភពលោក បានបង្ហាញបញ្ជីឈ្មោះតារាក្រោមអាយុ ៣០ ឆ្នាំ ដែលមានឥទ្ធិពលនៅអាស៊ី ដោយក្នុងនោះមានទាំងក្រុម K-pop NewJeans និង Le Sserafim និងតារាចម្រៀងសិង្ហបុរី Shye ព្រមទាំងបុគ្គលល្បីៗសរុប ៣០នាក់ទាំងផ្នែកកម្សាន្ត និងកីឡា។
បើតាមគេហទំព័រមួយបានដកស្រង់ ពីការសរសេរ របស់ ទស្សនាវដ្ដី Forbes លំដាប់ពិភពលោក ដែលក្នុងអត្ថបទទាំងស្រុងរបស់ Forbes បានសរសេររៀបរាប់កោតសរសើរ ម្ចាស់បទ «កំលោះស្រុកខ្មែរ» ថា “ក្នុងប្រទេសកម្ពុជា ការរ៉េប ដែលរួមបញ្ចូល ភាសាអង់គ្លេស និងភាសាខ្មែរ របស់វណ្ណដា បានលើកតម្កើងសិល្បករខ្មែររូបនេះឲ្យមានភាពល្បីល្បាញក្នុងតំបន់។ រហូតបានចេញប្រគំតន្ត្រីក្នុងប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមSkull 2 (Season 1) កាលពីខែមិថុនា។ បទ «Time to Rise» ដែលមានលោក គង់ ណៃ ជាអ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួន ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានអ្នកមើលជាង ១០០ លានដងនៅលើ Youtube។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ ២០១៩ វណ្ណដា បានបន្តសហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO”។
សូមជម្រាបជូនថា, ជោគជ័យថ្មីមួយទៀតសម្រាប់កំពូលតារាចម្រៀងប្រុសរូបនោះ គឺកាលពីថ្មីៗនេះ មានអ្នកចូលមើល ១ ០០០ លាន នៅលើ Channel ផ្ទាល់ខ្លួន វណ្ណដា ដែលមាន subscriber 3.95 M និងបន្តកើនឡើងបន្តបន្ទាប់ទៀត។ វណ្ណដា បានបង្ហាញវត្តមានជាញឹកញាប់ រាល់កម្មវិធីធំៗ ក្នុងនិងក្រៅប្រទេស ទេពកោសល្យរបស់គេ មានស្តង់ដាកម្រិតខ្ពស់ ផ្នែកសិល្បៈចម្រៀង និពន្ធ និងនិពន្ធបទភ្លេង ប្រកបដោយអត្ថន័យ លើកតម្កើងផលប្រយោជន៍ជាតិ វប្បធម៌ អរិយធម៌ ភាពស្លូតបូត សេចក្តីថ្លៃថ្នូររបស់ជនជាតិខ្មែរ ។
កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ។ ថ្មីៗនេះទៀតសោត កម្ពុជាទទួលបានភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សុីហ្គេម ២០២៣ ហើយភាពជោគជ័យនេះ ត្រូវបានស្ថិតក្នុងការចងចាំ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕