លោក ឃួង ស្រេង ប្រាប់ចៅសង្កាត់ទាំង១០៥នៅរាជធានី កុំប៉ះពាល់លុយកាក់ ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមានរឿងលោកមិនអាចជួយបានទេ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ត្រីនៅថ្នាក់មូល ដ្ឋាន ពិសេសចៅសង្កាត់ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរទាន់ពេលវេលានិងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពីប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមាន រឿងលោកមិនអាចជួយបានទេ លោកជួយបានតែចៅសង្កាត់ណាដែល ធ្វើត្រូវ និងគោរពតាមច្បាប់ ។

លោកឃួង ស្រេង បានជំរុញបែបនេះ នៅនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបំរើសេវាជូនពួកគាត់ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ត្រូវតែធ្វើឡើងអោយបានល្អ ទាន់ពេលវេលានិងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពួកគាត់ក្រៅសេវាអោយសោះ។ លោកបន្តទៀតថា ក្នុងនាមជាមន្ត្រីបំរើប្រជា ពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនអោយបានច្បាស់លាស់ ទី១ ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿននិងទី២ គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើអោយមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះអោយបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ ។
ប៉ុន្តែទោះជាយ៉ាងណាក្តីលោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរទាំង១៤ខណ្ឌផងដែរ ដោយលោកបញ្ជាក់ថា មន្ត្រីទាំងអស់បានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបានជោគជ័យ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ទាំងនេះពិតជាកើតឡើងពីការចូលរួមចំណែកយ៉ាងពិតប្រាកដពីសំណាក់មន្ត្រីនៅថ្នាក់មូលដ្ឋានរបស់យើង។
សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលខាងលើនេះ លោកឃួង ស្រេង បានប្រគល់កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿងជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រ មួយគ្រឿងនិង ព្រីនធ័រ មួយគ្រឿងសម្រាប់យកទៅបំពេញការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា៕ . សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print