ភ្នំពេញ÷ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយក ចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ ដូចជាថ្នាក់ដឹកនាំនៃក្រុមយុវជនជនស្ម័គ្រទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូ១គ្រឿងក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំងនៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។ ភ្លាមៗបន្ទាប់ពីជួបហេតុការណ៍នោះ នាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែ ក្រោម ហើយបានរៀបរាប់ទៀតថា កងកម្លាំងមាន សមត្ថកិច្ចពិតជាធ្វើការសស្រាក់សស្រាំ ស្រាវជ្រាវភ្លាមៗ ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្ត។
ក្នុងវីដេអូឃ្លីបខ្លីមួយ កញ្ញា ផុន រ៉ាស៊ី បានថ្លែងអំណរ គុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនាងបានហៅថា «សម្តេចពុក» ទាំងក្តីរំភើប និងសប្បាយរីករាយ ដែលសម្តេចបានយកចិត្តចំពោះនាងដែលជាយុវជនស្ម័គ្រចិត្តឧបត្ថម្ភជាថវិកាទិញម៉ូតូជំនួសម៉ូតូដែលបានបាត់ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗទៀតដែលបានផ្តល់ភាពកក់ក្តៅ និងចាត់វិធាន ការនានារហូតមក ដោយមិនទុកចោលឲ្យនៅឯកោនោះទេ។
សូមជម្រាបផងដែរថា កញ្ញា ផុន រ៉ាស៊ី គឺជាគ្រូបង្រៀនបឋមសិក្សា នៅសាលាបឋមសិក្សាគោកខ្ចក ភូមិគោកខ្ចក ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាងបានដាក់ពាក្យចូលរួមជាយុវជនស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ហើយធ្វើដំណើរមកពីខេត្តព្រៃវែង មកស្នាក់អាស្រ័យជាមួយបងប្អូនសម្រាប់តែចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះតែប៉ុណ្ណោះ។ នាងបានបញ្ជាក់ថា នាងនឹងត្រឡប់ទៅបំពេញការងារជាគ្រូបង្រៀនវិញបន្ទាប់ពីបេសកកម្មនេះបានបញ្ចប់៕ ដោយ៖ សូរិយា