ខេត្តព្រះសីហនុ : នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាពអាចការពារសន្តិភាពបាន ក៏ដូចជាការពារឆ្នាំងបាយកម្មករ កម្មការិនីបាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចអភិវឌ្ឍន៍ទៅបាន ដោយស្ថិតក្រោមស្ថានភាពសង្រ្គាមនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។
នាឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា អ្វីដែលប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់។
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យមើលនយោបាយរបស់ចិន គ្មានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណានោះទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិនក៏ប៉ុន្តែចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសនោះទេ ដូច្នេះបានជាគោលនយោបាយខ្សែក្រវាត់ និងផ្លូវចេះតែរីក»។
ជាក់ស្ដែងកិច្ចព្រមព្រៀងអាស៊ាន-ចិនផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្ដាប្រទេសអាស៊ាន ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើន ជាងចិននាំចូលមកក្នុងបណ្ដាប្រទេសអាស៊ានទៅទៀត។ នេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលបានផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអាស៊ានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ត្រូវបានចូលជាធរមានហើយនោះ ក៏ជាចំណែកកិច្ចសហប្រតិបត្តិការដែលមានបណ្ដាប្រទេសអាស៊ានទាំង១០ បូកចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់។
ការបង្កើតធនាគារវិនិយោគអាស៊ី ក៏ជាគំនិតផ្ដួចផ្ដើមរបស់ចិន ហើយកម្ពុជាក៏ជាសហស្ថាបនិកនៃធនាគារនេះដែរ។ នេះជាផ្នែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងការអភិវឌ្ឍសកលរបស់មហាអំណាចចិន៕
ដោយ : សហការី