ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ ឱ្យមានលក្ខណៈល្អប្រសើរឡើងវិញនូវបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ដែលកន្លងមកទីតាំងយានដ្ឋានជួលជុលរថយន្តមួយកន្លែងត្រូវបានរំលោភលើចិញ្ចើមផ្លូវធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ផងដែរ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យលោក ក្រូច សុធន់ នាយករងរដ្ឋបាលខណ្ឌ ចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា រៀបចំសណ្ដាប់ធ្នាប់នៅចំណុចយានដ្ឋានតាមបណ្ដោយផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកនាយករងរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជាប្រចាំ ទាំងផ្លូវតូច និងផ្លូវធំ ជាពិសេសមហាវិថីព្រះសីហនុ មហាវិថី ព្រះមុន្នីវង្ស មហាវិថីកម្ពុជាក្រោម និងមហាវិថិនេរុហ៍ ..។ ដាច់ខាតមិនអនុញ្ញាតឱ្យយកចិញ្ចើមផ្លូវ ប្រកបអាជីវកម្មបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ និងបង្កការកកស្ទះជាដើម។
ជាចុងក្រោយអាជ្ញាធរបានអប់រំដល់ម្ចាស់យានដ្ឋានដែលយកចិញ្ចើមផ្លូវសាធារណៈមិនឱ្យបន្តធ្វើបែបនេះទៀតឡើយ ត្រូវរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង៕ដោយ រ៉ារ៉ា