ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដកស្រង់ពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា ដោយបង្ហាញពីដើមងប់ – Star gooseberry, sweet leaf bush៖ ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំនៅតាមទីជនបទ ស្រុកស្រែចម្ការ ដើម្បីយកត្រួយ និងស្លឹកខ្ចីៗ ធ្វើជាបន្លែ វាមានប្រភពដើមនៅអាស៊ីភាគអាគ្នេយ៍។
– លក្ខណៈរូបសាស្ត្រ៖ ជាគុម្ពព្រឹក្ស មានកម្ពស់ ៣-៤ម បែកមែកច្រើនពីគល់។ ស្លឹករាងពងក្រពើ តម្រៀបជាពីរជួរ (distichous)។ មានផ្កាញី និងផ្កាឈ្មោល លើដើមតែមួយ (monoecious)។
កញ្ចុំផ្កាជាចង្កោម ដុះចេញពីគល់ស្លឹក (axillary)។ ផ្កាពណ៌បៃតង លាយលឿង ឬក្រហម។ ផ្កាឈ្មោល មានត្របក ៣ គ្មានស្រទាប់ កេសរឈ្មោល ៣ មានទងជាប់គ្នា (androphore) ផ្កាញីមានត្របក៣ កេសរញី ៣ រួមគ្នា។ ផ្លែពណ៌ស ទន់មូល។ គ្រាប់ ៥-៦ ពណ៌ស ឬខ្មៅ ប្រហោងក្នុង។
– លក្ខណៈជីវសាស្ត្រ ៖ បន្តពូជដោយដំណុះគ្រាប់ ឬកាច់មែកចាស់យកមកដាំ។
លក្ខណៈអេកូឡូស៊ី ៖ ប្រភេទនេះដុះល្អលើដីសើម នៅតំបន់ក្តៅ មានភ្លៀង ឬត្រជាក់ មធ្យម។
– ការប្រើប្រាស់៖
– បន្លែ៖ ស្លឹកខ្ចីៗ យកធ្វើជាបន្លែស្លស្រឡក់ និងប្រើជាបន្លែបន្សាបសម្លទំពាំង។
– ជាឱសថ៖ គេស្ងោរឫស ហើយយកទឹកផឹក ដើម្បីបញ្ចុះកំដៅ គ្រុន។ ស្លឹក ផ្លែ និងផ្កា សម្រាប់ព្យាបាលទល់លាមក ឬឈឺខ្លួនប្រាណ៕ដោយ៖សហការី