ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញសេចក្តីប្រកាសព័ត៌មាន! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម (ករណីលេខ ៨១៧)។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ក្រុមប្រតិបត្តិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជន ជាតិចិន ឈ្មោះ ZHAO ZHONGQIONG កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៥ កាន់លិខិតឆ្លងដែនលេខ EE7455850 ដែលបានផ្តល់ព័ត៌មានថាខ្លួនត្រូវបានបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅ ក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ បន្ទាប់ពីទទួលបានសំណើ កម្លាំងសមត្ថកិច្ច ន ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុង ក្រុមហ៊ុនមួយកន្លែង និងបានអញ្ជើញមកធ្វើការសាកសួរ។
យោងតាមការបំភ្លឺរបស់សាមីខ្លួនបានឲ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីស្វែងរកការងារធ្វើតាមរយៈភ្នាក់ងារ និងបានធ្វើជាចុងភៅនៅក្នុងក្រុមហ៊ុនខាងលើ រហូតមកដល់បច្ចុប្បន្ន អំឡុងពេលធ្វើការ រូបនាងពុំធ្លាប់ត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ ឬជំរិត ទារប្រាក់នោះទេ។ រហូតដល់ដើមខែធ្នូ ឆ្នាំ២០២២ រូបនាងបានដាក់ពាក្យលាឈប់ពីការងារ ដោយសារ តែនាងបារម្ភពីក្រុមគ្រួសារនៅឯប្រទេសចិន ប៉ុន្តែក្រុមហ៊ុនមិនទាន់អនុញ្ញាត និងបានស្នើសុំឱ្យរូបនាងបន្ត ធ្វើការរហូតរកបានបុគ្គលិកថ្មីមកជំនួស ដោយមិនអាចរង់ចាំបន្តទៀតបាន ទើបរូបនាងសម្រេចចិត្តប្ដឹងស្នើសុំ អន្តរាគមន៍ទៅទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅក្នុងទីតាំងមួយ។ ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមប្រតិបត្តិការ ពិនិត្យឃើញថា ករណីនេះពុំមានសញ្ញាណពាក់ព័ន្ធនឹងករណីបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ ឬជំរិតទារប្រាក់ នោះទេ ផ្ទុយទៅវិញសាមីខ្លួនគ្រាន់តែចង់ឈប់ពីការងារភ្លាមៗ ដើម្បីបានត្រឡប់ទៅប្រទេសកំណើតវិញ តាមតម្រូវការរបស់ខ្លួនតែប៉ុណ្ណោះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ចូនឈ្មោះ ZHAO ZHONGQIONG ទៅកាន់មណ្ឌលត្រៀមបណ្ដេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ដោយ៖សហការី