ខេត្តកំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានថ្លែងថា ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនទៅមុខ ខណៈដែលប្រទេសជាតិយើងមានសុខសន្តិភាព ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណជាង៩០០នាក់ ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហង្ស ច័ន្ទវិរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាជំនួយការសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយសាលាខ្លះក៏ក្លាយទៅជាសាលាគំរូ ក្នុងនោះការងារអប់រំកាយ និងកីឡា ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង ដោយភាពជោគជ័យទាំងនេះ គឺអាស្រ័យលើតួអង្គសំខាន់ៗ ចំនួន៣ ដែលមានទីមួយគឺ តួអង្គរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានជំរុញគាំទ្រដល់វិស័យអប់រំ ទីពីរគឺ តួអង្គគ្រូបង្រៀនតែម្ដងដែលបានខិតខំបង្ហាត់បង្រៀន និងទីបីគឺ តួអង្គអាណាព្យាបាលរបស់សិស្ស ដែលបានចួលរួមក្នុងការអប់រំ ដោយមានតួអង្គទាំង៣នេះហើយ ទើបយើងទទួលបានភាពរីកចម្រើនយ៉ាងត្រចះត្រចង់នោះ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធានមនុស្សនេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ខណៈដែលប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍ ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សូមបន្តរួមគ្នាការពារសុខសន្តិភាព ឱ្យបាននៅស្ថិតស្ថេរគង់វង់ជារៀងដរាបតទៅ និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់ ។ ដោយឡែកនៅក្នុងក្រុងកំពង់ចាម មានសាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់ ។ ចំពោះការងារអប់រំកាយ និងកីឡា ឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង(មាសចំនួន ២៦គ្រឿង, ប្រាក់ចំនួន ២៨គ្រឿង សំរឹទ្ឋចំនួន ៤២គ្រឿង) ក្នុងនោះការប្រកួតកីឡាជាតិលើកទី៣ ទទួលមេដាយសរុបចំនួន ៤៣គ្រឿង(មាស ១២គ្រឿង ប្រាក់ ៩គ្រឿង សំរឹទ្ឋ២២គ្រឿង) ដែលទទួបានចំណាត់ថ្នាក់លេខ៧ទូទាំងប្រទេសផងដែរ ៕
ដោយ : សិលា