ខេត្តកំពង់ឆ្នាំង៖ រថយន្ត ម៉ូតូ របស់អ្នកលេងល្បែង និងមនុស្សម្នាក់ដែលបានឃាត់ខ្លួនត្រូវបានដោះលែងវិញអស់ហើយ
តាមប្រភពបានដឹងទៀតថា គេពុំសូវដែលបានឃើញសមត្ថកិ្ចចុះទៅរឹបងអូស ឬចាប់ឲ្យបានយូរនោះទេ ប៉ុន្តែគេធ្លាប់ឃើញមានសមត្ថកិច្ចចុះទៅ បង្ក្រាបម្តងម្កាលដែរ ដោយសារតែម្ចាស់បនល្បែងនោះបើកលេងមិនបង់លុយ ឬក៏បង់លុយមិនទៀងទាត់និងទាន់ពេលវេលា ។ ហើយក្នុងពេលបង្ក្រាបនោះគេកម្រនិងឃើញសមត្ថកិច្ចបញ្ជូនអ្នកញៀនល្បែងទៅកាន់តុលាការ ដើម្បីអនុវត្តន៍ទៅតាមច្បាប់ណាស់គឺគេចាប់បានហើយដោះលែងទៅវិញទាំងមនុស្សទាំងមធ្យោបាយជាថ្នូរនិងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។
បច្ចុប្បន្ននេះគេសង្កេតឃើញល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរ អាប៉ោង និង កន្ទុយលេខ បាននឹងកំពុងកើតមានយ៉ាងពេញបន្ទុក ទាំងទីរួមខេត្តកំពង់ឆ្នាំង និងនៅតាមបណ្តាស្រុកមួយចំនួន ។
ដូចជាការបង្រ្កាបបនល្បែងមួយកន្លែងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនិងកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែងនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយដកហូតបានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខភ្នំពេញ ២V-៣៤៩៣ ម្ចាស់ឈ្មោះ អឿន ម៉ូតូ១២គ្រឿង លុយចំនួន២២ដុល្លារ និង ៩០ម៉ឺនរៀល បៀរចំនួន២ហ៊ូ ដងកឺសម្រាប់បុកប៊ីយ៉ាចំនួន១២ គ្រាប់១៥ ក្រដាស់កត់កន្ទុយលេខសន្លឹក និង ឃាត់ខ្លួនបានមនុស្សម្នាក់ផងដែរ ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបបានមួយដង្ហើមចង្រិតត្រូវបានគេស៊ិសស៊ុះគ្នាដោះលែងទៅវិញស្ងាត់ៗជាថ្នូរនឹងប្រាក់មួយចំនួន ។ ក្នុងនោះរថយន្តមួយគ្រឿងគេយក ៥០០ដុល្លារ និងម៉ូតូចំនួន១២គ្រឿង ក្នុងមួយគ្រឿងៗគេយក២០០ដុល្លារ ។
ប្រភពបានឲ្យដឹងទៀតថា ក្រុមអ្នកបើកបនល្បែងទាំងនោះគេបើកលេងម៉ាសេរី ដោយមិនមានខ្លាចញញើតចំពោះមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរឡើយ ពីព្រោះពួកគេបានបង់ខែជូនគ្រប់កន្លែងអស់ហើយ។
ប្រជាពលរដ្ឋបាននិយាយដោយលើកឡើងថា ល្បែងស៊ីសងនៅក្នុងខេត្តកំពង់ឆ្នាំង បង្ក្រាបមួយរយឆ្នាំទៀតក៏មិនអស់ដែរ បើប៉ូលីសនៅតែយកលុយពីអ្នកញៀនល្បែង និងអ្នកបើកបនល្បែងទៀតនោះ ៕
ដោយ៖ ចន្ថា