សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់។ ក្នុងនោះកម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះរោងចក្រវិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរ ចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន​ ប្រកាសអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេររួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ…[]«អ្នកស្វែងរកសន្តិភាព គឺជាអ្នកការពារសុខសន្តិភាព»។

សម្តេចតេជោ អំពាវនាវឱ្យបណ្តារោងចក្រនានាផ្តល់ឱកាសឱ្យកម្ម ការិនីមានផ្ទៃពោះចេញមុនគេ(ចេញពីធ្វើការ) ដើម្បីបញ្ជៀសការប្រជ្រៀតគ្នា នាំឱ្យមានប៉ះទង្គិចកូនក្នុងផ្ទៃ។

សម្តេចតេជោ អំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រ និងចៅកែរោងចក្រ ស្រុះស្រួលគ្នា កុំស្តាប់តាមការញុះញង់របស់បុគ្គល ឬក្រុមប្រឆាំងណាមួយ ដែលនាំទៅដល់ការខូច ប្រយោជន៍ ទាំងសងខាង។

សម្តេចតេជោ​ ថ្លែង​ថា កម្មករ-កម្មការិនីរោងចក្រ និងថៅកែ មិនអាចខ្វះ ឬកាត់ផ្តាចពីគ្នាបានឡើយ។ ថៅកែអត់កម្មករ ក៏មិនបាន។ កម្មករអត់ថៅកែ ក៏មិនបានដូចគ្នា។

សម្តេចតេជោ ប្រកាសមិន​អត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី។

សម្តេចតេជោ ថ្លែង​រំលឹកគ្រាលំបាកពីអតីតកាល ដែលរាជរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកៀរគរវិនិយោគិនមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ។ សម្តេចបញ្ជាក់ថា «បើគ្មានការវិនិយោគទេ ម្លេះពេលនេះកម្មក-កម្មការិនី កំពុងធ្វើស្រែ ធ្វើចំការ ឬលក់ដូតតិចតូចនៅផ្ទះឯណោះទេ»។

សម្តេចតេជោ ថ្លែង​ថា ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព យើងត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធ វិស័យអគ្គិសនី ទឹក និងវិស័យជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។

សម្តេចតេជោ បានលើឡើងពីទ្រឹស្តីក្រុម នយោបាយមួយក្រុម ដែលមានបំណងយកលុយពីអ្នកមាន មកឱ្យអ្នកក្រ ជានយោបាយមួយមិនខុសពីរបបប៉ុលពត ខ្មែរក្រហមនោះទេ ដែលនៅលើពិភពលោកគ្មានប្រទេសណា ធ្វើដូច្នោះឡើយ។

សម្តេចតេជោ ថ្លែង​ថា គ្រាន់តែវិស័យ កាត់ដេរ មួយមុខ កម្ពុជាទទួលបានចំណូលតាមរយៈកម្មករ-កម្មការិនី រោងចក្រកាត់ដេរប្រមាណ៣.០០០លានដុល្លារអាមេរិក។

សម្តេចតេជោ ថ្លែង​ថា រយៈពេល៤ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលទៅក្រៅ ប្រទេសក្នុងចំនួនទឹកប្រាក់ជាង៧.០០០លានដុល្លារអាមេរិក ក្នុងនោះវិស័យកាត់ដេរដើរតួនាទីយ៉ាងសំខាន់។

សម្តេចតេជោ រំពឹងថា រោងចក្រសហគ្រាស់នីមួយៗ នឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមាន អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែន ជាកន្លែង ប្រណាំងម៉ូតូ។

សម្តេចតេជោ ប្រកាសដល់បរទេសទាំងឡាយ ដែលនៅពីក្រោយ ឬផ្តល់ការគាំទ្រជំនួយស្មារតី សម្ភារៈ និងថវិកាដល់ក្រុមប្រឆាំង ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សូមដកខ្លួនចេញ ទុកឱ្យកម្ពុជាប្រើប្រាស់ច្បាប់ និងសកម្មភាពផ្សេងៗដើម្បីភាពសុខសាន្តប្រទេសជាតិ និងភាពសំបូរសប្បាយរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ថ្លែង​ថា វាជារឿងអយុត្តិធម៌ពន់ពេកណាស់ចំពោះគ្រួសារថាក់ស៊ី(ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងយីងឡាក់) ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ គ្មានបរទេសណា ឬក្រុមប្រឆាំងណាមួយចេញមុខផ្កោលទោស ឬប្រឆាំងសកម្មភាពរដ្ឋប្រហារនោះឡើយ។

សម្តេចតេជោ ថ្លែងថា សម្តេចចំណាយកម្លាំងចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ។​ សម្តេចតេជោ ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញជាប្រយោជន៍សម្រាប់កម្មករ និយោជិត។

សម្តេចតេជោ ថ្លែងថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។​ សម្តេចតេជោ បញ្ជាក់​ថា ដោយសារកសិកម្មតែមួយមុខមិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមាននេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្ម។

សម្តេចតេជោ ថ្លែងថា សូម្បី ឡេនីន ក៏បានលើកឡើងដែរថា បើគ្មានថៅកែ គឺគ្មានកម្មករនោះឡើយ។ ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែ និងកម្មករ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម។

...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ និយោជិត នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា អ្នកការពារសុខសន្តិភាព៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print