ភ្នំពេញ : គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិន RECEF ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១. ស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បី សម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ ដោយកុងសង់ស៊ីសនៃសមាជិកចូលរួមទាំងអស់ដែលរួមមានប្រទេសជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន ៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង OIF ដែលមានសមាជិក សរុប ៨៨ ប្រទេស និងមានអ្នកនិយាយភាសាបារាំងក្នុងពិភពលោកចំនួន ៣១០ លាននាក់ មជ្ឈមណ្ឌល អឺរ៉ុបគាំទ្រការបោះឆ្នោត (ECEA) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋ បារាំង និងជំនួយការបោះឆ្នោតអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (IDEA)។
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាតំណាង គ.ជ.ប បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍នេះ។
គ.ជ.ប ក៏បានបង្ហាញសន្លឹកឆ្នោតឆ្នាំ២០១៨ និងរូបភាពដំរីដឹកសម្ភារបោះឆ្នោតក្នុងពិព័រណ៍សន្លឹកឆ្នោតនៃប្រទេសសមាជិក RECEF។
ទន្ទឹមនឹងនេះ RECEF នឹងអញ្ជើញចូលរួមសង្កេតមើលការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នៅកម្ពុជា។
នៅថ្ងៃត្រលប់មកវិញ ទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នឹងផ្តល់ព័ត៌មានពិស្តារ ជុំវិញលទ្ធផលនៃការចូលរួមរបស់ គ.ជ.ប ដែលត្រូវបានអញ្ជើញដោយ RECEF ដូច្នេះ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមតាមជាថ្មីនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកវីអាយភី) ៕
ដោយ : សិលា