ភ្នំពេញ : លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ។ នេះជាប្រសាសន៍លើកឡើងក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
លោក ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន បានឱ្យដឹងថា ចំពោះការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា FMIS ទាំងស្រុងនេះ ក្រសួងបរិស្ថានត្រូវបានទទួលស្គាល់ និងលើកទឹកចិត្ត ថាជាស្ថាប័នគំរូ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង-ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញយកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។
លោក សាយ សំអាល់ មានប្រសាសន៍បន្ថែមថា គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាលដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង។
លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំឱ្យមានប្រព័ន្ធព័ត៌មានវិទ្យានេះឡើង និងបានបណ្ដុះបណ្ដាលដល់មន្ត្រីរាជការពាក់ព័ន្ធនៃក្រសួងបរិស្ថានក្នុងការប្រើប្រាស់ប្រព័ន្ធនេះ សំដៅជំរុញភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងសមិទ្ធផលការងារ ។ លោករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងបរិស្ថាន ដែលបានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដើម្បីបន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីៗនៃប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងបរិស្ថាន ។ តាមរយៈការបញ្ជ្រាបការយល់ដឹង និងការចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើចំណាយថវិកាចរន្តគ្រប់មុខសញ្ញាពីមន្ត្រីបច្ចេកទេសនិងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS អង្គភាពថវិកាទាំងអស់នៃក្រសួងបរិស្ថាន ជាពិសេសអង្គភាពថ្នាក់ក្រោមជាតិនឹងទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការត្រៀមខ្លួនចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីៗ ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព ៕
ដោយ : សហការី