ភ្នំពេញ : នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រួមជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់”។
ក្រសួងសុខាភិបាលបានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ នៅថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីវេជ្ជបណ្ឌិត ណាគីសា កូចាវា តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត ព្រមទាំងអង្គការអន្តរជាតិ និងអង្គការមិន មែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធ។
ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ របស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ចបរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រម ទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការ ប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ *យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឲ្យដំណាំថ្នាំជក់។ ទិវាពិភពលោកឆ្នាំ២០២៣ នេះ អង្គការសុខភាពពិភពលោក បានផ្តល់ពានរង្វាន់ទិវាពិភព លោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលជោគជ័យក្នុងការជំរុញយ៉ាង សកម្មក្នុងការអនុវត្តគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី។
ថ្នាំជក់ ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត ប៉ះពាល់ដល់សរីរាង្គទាំងអស់ និងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ សន្លឹកថ្នាំជក់ស្រស់ក៏មានសារជាតិ នីកូទីន និងជាតិជ័រថាដែលអាចប៉ះពាល់សុខភាពកសិករ ដូចជា ការកើតជំងឺថ្នាំជក់ស្រស់ដែលមានរោគសញ្ញា ដូចជា ក្អួត ចង្អោរ វិលមុខ ឈឺក្បាល បែកញើស ញាក់ ឈឺពោះ រាគៈ ខ្សោយ ពិបាកដកដង្ហើម និងច្រើនទៀត។ កសិករថ្នាំជក់ត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃទៅនឹងកំទេចកំទីថ្នាំជក់ និងថ្នាំពុលគីមីផ្សេងទៀត។ ការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំផក់អាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០បារី ជារៀងរាល់ថ្ងៃ។ លើសពីនេះ កសិករថ្នាំជក់តែងតែនាំយកសារធាតុគ្រោះថ្នាក់មកផ្ទះនៅ លើខ្លួនប្រាណ សម្លៀកបំពាក់ ឬស្បែកជើង ដែលនាំឲ្យមានគ្រោះថ្នាក់បន្ទាប់បន្សំសម្រាប់គ្រួសាររបស់ពួកគេ ជាពិសេសកុមារ។ ទន្ទឹមនឹងនេះ ការដាំដុះថ្នាំជក់ទាមទារការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លាំង និងជីយ៉ាងច្រើន ដែលរួមចំណែកដល់ការរិចរិលដី។ សារធាតុគីមីចូលទៅក្នុងបរិយាកាស ក្នុងទឹក បំពុលបឹង ទន្លេ និងទឹកផឹក។ ដីដែលប្រើសម្រាប់ដាំថ្នាំជក់ មានជីជាតិថយចុះដែលធ្វើឲ្យការដាំដំណាំអាហារផ្សេងទៀតមានផលទាប។ ដូច្នេះ អង្គការសុខភាពពិភពលោកលើកទឹកចិត្តរដ្ឋភាគីផ្លាស់ប្ដូរពីដំណាំថ្នាំជក់មកដំណាំជាអាហារវិញ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ជាបន្តបន្ទាប់។ ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ជាដើម និងបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញការអនុវត្តច្បាប់ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត អនុវត្ត ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាឲ្យមានប្រសិទ្ធភាព ជំរុញការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់ដើម្បី បង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា មានការថយចុះ។ អត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ២០២១ និង អត្រាប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី
១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ២០២១។ អត ប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ ១៣-១៥ឆ្នាំឡើង មានការថយចុះពី ៦,៣% ក្នុងឆ្នាំ២០១០ មកត្រឹម ២.៤% ក្នុងឆ្នាំ២០១៦។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ យុវជន យុវនារីគ្រប់រូប កុំសាកល្បង ប្រើប្រាស់ផលិតផលថ្នាំជក់ទោះជាក្នុងទំរង់ណាក៏ដោយ។ អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ សូមលះ បង់ទម្លាប់បើ ប្រាស់ផលិតផលថ្នាំជក់ ដោយស្វែងរកការគាំទ្រត្រឹមត្រូវពីមណ្ឌលសុខភាព ឬតាមរយៈទូរសព្ទ ០១៧ ៧៩២ ៤០៧៕
ដោយ : សិលា