ភ្នំពេញ៖ ចន្ទល់ភ្នំ វល្លិថ្ពាល់ត្រី- Pecel semanggi, nardoo៖ ជារុក្ខជាតិដុះដោយឯកឯងនៅតាមមាត់ទឹកបឹង ត្រពាំង វាលស្រែ ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាអន្លក់ វាមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានីផ្នែកអាស៊ី។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន ដែលដកស្រង់ចេញសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា លក្ខណៈរូបសាស្រ្ត៖ បណង្គជាតិ រស់ក្នុងទឹក មានក្តៀង។ តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀប ជិតគ្នា ហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួច នៅគល់។ ស្លឹកមានទងវែងៗ ប្រវែង ២០-៣០ ស.ម។ នៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។ ស្ប៉រផ្គុំគ្នាជាច្រើនដុំ ហើយដុំ នីមួយៗនៅក្នុងប្លោកលម្អង។ គេហៅប្លោកលម្អងនោះថា ស្ប៉ូរង់ (sporangium) សំណុំស្ប៉ូរង់ គេហៅថា ស័រ (sorus)។ ស័រ មានស្រោមក្រាស់ ដែលគេហៅថា ស្ប៉ូរូកាព (sporocarp)។
លក្ខណៈជីវសាស្រ្ត៖ បន្តពូជដោយបំបែកក្តៀង ឬដោយស្ប៉រ (spores) ដែលជាសរីរាង្គបន្តពូជឥតភេទ។
លក្ខណៈអេកូឡូស៊ី៖ រស់នៅលើដីសើម ឬក្នុងទឹកបឹង ត្រពាំង និងតាមតំបន់ក្តៅ។
ការប្រើប្រាស់៖ ជាបន្លែ៖ ស្លឹកសម្រាប់ធ្វើជាបន្លែ អន្លក់ទឹកគ្រឿង។
ជាឱសថ៖ សារធាតុដែលចម្រាញ់ចេញពីស្លឹក អាចបន្ថយជាតិខ្លាញ់ កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងសរសៃឈាម៕ ដោយ៖សហការី